អន្តរជាតិ

អ៊ុយក្រែនបដិសេធដាច់ណាត់ចំពោះការបង្កឧក្រិដ្ឋកម្មសង្រ្គាមសម្លាប់ទាហានរុស្ស៊ីជាង១០នាក់

ខណៈដែលដំណើរការស៊ើបអង្កេតកំពុងធ្វើឡើងយ៉ាងហ្មត់ចត់ពីសំណាក់អង្គការសហប្រជាជាតិ ​អ៊ុយក្រែនបានបដិសេធទុកជាមុនថា មិនបានបង្កឧក្រិដ្ឋកម្មសង្រ្គាមលើទាហានរុស្ស៊ី​ជាង១០នាក់ដូចការចោទប្រកាន់នោះទេ។

ការអះអាងបានធ្វើឡើងដោយស្នងការ​សភា​អ៊ុយក្រែន​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស លោក Dmytro Lubinets។ លោកបាននិយាយប្រឆាំងដាច់ណាត់តែម្តង ឆ្លើយតបនឹងចោទ​ប្រកាន់របស់រដ្ឋាភិបាលទីក្រុងមូស្គូ។ បកស្រាយលើវីដេអូបែកធ្លាយមួយកាលពី​ពេលថ្មីៗនេះ ដែលបានបង្ហាញពីទាហានរុស្ស៊ីជាង១០នាក់ដេកស្លាប់ ក្នុងពេលទាហាន​អ៊ុយក្រែនឈរកាន់កាំភ្លើង លោកស្នងការបានអះអាងថា ការណ៍នេះមិនមែនជាឧក្រិដ្ឋកម្ម​សង្រ្គាមទេ។ ការស្លាប់របស់ពួកគេគឺបណ្តាលមកពីពួកគេមិនព្រមចុះចាញ់​ដោយស្មោះត្រង់។ ពួកគេមិនបានសុំចុះចាញ់ដោយស្មោះត្រង់ទេ មានន័យថា ធ្វើពុតជាចុះចាញ់និងរកឱកាសវាយប្រហារបកវិញ។​ “ជាការការពារខ្លួន ទាហានអ៊ុយក្រែនបានប្រឆាំងនឹងពួកគេ”។ ទាហានអ៊ុយក្រែនមិនដែលបានសម្លាប់​អ្នកសុំចុះចាញ់ដោយសុទ្ធចិត្តឡើយ។

យ៉ាងណាក៏ដោយ នីតិវិធីពីសំណាក់អង្គការសហប្រជាជាតិកំពុងស្ថិតក្នុង​ដំណើរការស៊ើបអង្កេត សារព័ត៌មានអន្តរជាតិធំៗក៏មិនទាន់អាចផ្ទៀងផ្ទាត់លើ​វីដេអូខាងលើបានដែរ។ បើតាមការចោទប្រកាន់ពីរុស្ស៊ី អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Maria Zakharova បានថ្កោលទោស និងនិយាយថា អ៊ុយក្រែនបានបាញ់សម្លាប់អ្នកដែល​គ្មានអាវុធក្នុងដៃ។ វាជាឧក្រិដ្ឋកម្មសង្រ្គាមយ៉ាងពិតប្រាកដ មិនចាំបាច់ប្រកែកអ្វីទាំងអស់៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា