អន្តរជាតិ

ហ្សេឡិនស្គីថារុស៊្សីបាញ់ផ្លោងថ្មី រាប់រយគ្រាប់នៅសមរភូមិភាគខាងកើត

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy  បានរាយការណ៍ជាថ្មីពីគ្រាប់ផ្លោង​រុស្ស៊ី​រាប់រយគ្រាប់បាញ់នៅសមរភូមិភាគខាងកើតកាលពីចុងសប្តាហ៍រំលងទៅនេះ។

នៅក្នុងសុន្ទរកថាថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ លោកហ្សេឡិនស្គីបានបង្ហាញនូវ​របាយការណ៍ចុងក្រោយថា កងកម្លាំងរុស្ស៊ីបានបន្តបង្វែរយុទ្ធសាស្រ្តថ្មីសម្រុកបាញ់​ផ្លោង​យ៉ាងខ្លាំង​នៅខេត្តដូណេតភាគខាងកើត។ លោកថា ត្បិតរុស្ស៊ីបានដកទ័ពចេញពីឃើសន​ហើយក៏ដោយ ក៏ប៉ុន្តែរុស្ស៊ីបានយកទ័ពទាំងនោះទៅពង្រឹងឈរជើងយ៉ាងរឹងមាំនៅតាម​តំបន់ភាគខាងកើតវិញ។ ទន្ទឹមនឹងជាមួយគ្នា ទោះអាកាសធាតុចុះត្រជាក់មិនអំណោយផល​ក្នុងការប្រយុទ្ធក៏ដោយ រុស្ស៊ីនៅតែវាយលុកក្នុងបរិមាណខ្ពស់។

ជាក់ស្តែងនៅក្នុងការប្រយុទ្ធគ្នានៅខេត្តជាប់គ្នានោះ គឺលូហាន់ ដែលកងកម្លាំងអ៊ុយ ក្រែន​កំពុងព្យាយាមរំដោះមកវិញគិតតែថ្ងៃអាទិត្យមួយប៉ុណ្ណោះ លោកស្គីប្រាប់ថា ទ័ព  រុស្ស៊ីបានបាញ់កាំភ្លើងធំសរុបប្រហែល៤០០គ្រាប់។ ជុំវិញការអះអាងនេះ សារព័ត៌មានឯករាជ្យមិនអាចផ្ទៀងផ្ទាត់បានទេនូវរបាយការណ៍ពីភាគីរុស្ស៊ីម្ខាងទៀត។

គួរជម្រាបថា តំបន់ខេត្តដូណេត និងលូហាន់នៃឧបទ្វីបដុនបាស គឺជាភូមិសាស្រ្ត​ដ៏សំខាន់មួយ។ ជាតំបន់ឧស្សាហកម្មដ៏ធំប្រចាំភាគខាងកើតនៃប្រទេសអ៊ុយក្រែន៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា