សន្ដិសុខសង្គម

ចាប់ចោរឆក់កាបូបបណ្ដាលឱ្យម៉ូតូដួល ខ្ទាតកូនចូលរថយន្តកិនស្លាប់ ម្តាយរបួសធ្ងន់

កណ្តាល៖សមត្ថកិច្ចចាប់បានជនសង្ស័យម្នាក់ចំណោម២នាក់ករណីឆក់កាបូបបណ្តាលឲ្យម៉ូតូដួលខ្ទាតកូនចូលក្រោមរថយន្តមកពីក្រោយកិនស្លាប់ រីឯម្តាយរងរបួសធ្ងន់។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីព្រលប់ថ្ងៃទី១៩ ខែវិច្ឆិកា ជនសង្ស័យ២នាក់បានជិះម៉ូតូ​ឌុបគ្នាឆក់កាបូបពីស្ត្រីម្នាក់កំពុងជិះម៉ូតូឌុបកូនតាមផ្លូវជាតិលេខ២១ ក្នុងភូមិដើមព្រីង  ស្រុកស្អាង ខេត្តកណ្តាល ។ពេលនោះម៉ូតូដួលខ្ទាតក្មេងស្រីតូចចូលក្រោមរថយន្ត​បើកមកពីក្រោយកិនស្លាប់។រីឯម្តាយបានរងរបួសធ្ងន់ ត្រូវបានដឹកទៅមន្ទីរពេទ្យ​សង្គ្រោះបន្ទាន់។ក្រោយពីបង្កគ្រោះថ្នាក់ ក្រុមជនសង្ស័យបានរត់បាត់អស់។

ជនរងគ្រោះម្តាយនិងកូនស្រី ឈ្មោះ ស៊ឹម រស្មី អាយុ៣២ឆ្នាំ រងរបួសធ្ងន់ និងឈ្មោះ រឿន អារីកា អាយុ៤ឆ្នាំ ស្លាប់នៅនឹងកន្លែង។ពួកគេនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង។លុះដល់រសៀលថ្ងៃទី២០ ខែវិច្ឆិកា សមត្ថកិច្ចស្រាវជ្រាវចាប់បាន​ជនសង្ស័យម្នាក់ជាមួយម៉ូតូមួយគ្រឿង។

ជនសង្ស័យឈ្មោះ សុខខឿន ស៊ីផាត អាយុ ២១ឆ្នាំ នៅភូមិតាលន់ ស្រុកស្អាង ខេត្តកណ្ដាលនិងដកហូតម៉ូតូ១គ្រឿងម៉ាកហុងដា ផ្លាកលេខ.កណ្ដាល 1.AB 6159។ចំណែកឈ្មោះ ផា សុភ័ណ្ឌ អាយុ២៨ ឆ្នាំ រត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់​ដើម្បីរៀបចំសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយ៖វិចិត្រ