អន្តរជាតិ

Pelosi និយាយថានឹងចុះចេញពីតំណែងកំពូលជាប្រធានសភាជាន់ទាបអាម៉េរិក

ប្រែសម្រួល៖អាម៉េរិក

គេនៅមិនទាន់ដឹងច្បាស់ថាតើអ្នកណានឹងក្លាយជាអ្នកដឹកនាំគណបក្សប្រជាធិបតេយ្យនៅក្នុងសភាជាន់ទាបក្នុងរយៈពេលពីរឆ្នាំខាងមុខទៀតបន្ទាប់ពីការចាកចេញរបស់លោក ស្រី Pelosi។

កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា លោកស្រី Nancy Pelosi ប្រធានសភាជាន់ទាបរបស់អាម៉េរិក បានប្រកាសថា លោកស្រីនឹងចុះចេញពីតំណែងជាថ្នាក់ដឹកនាំបក្ខជនបក្សប្រជាធិបតេយ្យនៅក្នុងសភាតំណាងរាស្រ្ត។

លោក Pelosi បាននិយាយក្នុងការថ្លែងសុន្ទរកថានៅពេលថ្ងៃត្រង់កន្លងទៅនេះថា៖ “ ខ្ញុំនឹងមិនស្វែងរកការជ្រើសតាំងឡើងវិញជាអ្នកដឹកនាំបក្សប្រជាធិបតេយ្យនៅក្នុងអាណត្តិក្រោយរបស់សភានេះទេ” ។

នៅក្នុងអាយុ ៨២ ឆ្នាំ លោក ស្រី Pelosi ត្រូវបានជ្រើសតាំងឡើងវិញនៅឆ្នាំនេះក្នុងនាមជាតំណាងឲ្យមណ្ឌលតំណាងរាស្ត្រទី ១២ របស់រដ្ឋកាលីហ្វ័រញ៉ានៅក្នុង វិមាន រដ្ឋសភា។

ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានព្យាករណ៍ថា គណបក្សសាធារណរដ្ឋនឹងឈានទៅគ្រប់គ្រងសភាជាន់ទាប ក្រោយពីការបោះឆ្នោតនៅពាក់កណ្តាលអាណត្តិក្នុងឆ្នាំ ២០២២ នេះ។

មេដឹកនាំរបស់ជនជាតិភាគតិចបច្ចុប្បន្នលោក Kevin McCarthyដែលជាសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ត្រូវបានគេតែងតាំងឲ្យធ្វើជាប្រធានសភាកាលពីថ្ងៃអង្គារកន្លងទៅនេះ។ គេនៅមិនទាន់ដឹងច្បាស់ថាអ្នកណានឹងដឹកនាំគណបក្សប្រជាធិបតេយ្យនៅសភាក្នុងរយៈពេលពីរឆ្នាំខាងមុខជាមួយនឹងការចាកចេញរបស់លោក ស្រី Pelosi ពីថ្នាក់ដឹកនាំកំពូលមួយនេះ។

ប្រធានរដ្ឋសភាគឺជាអ្នកនយោបាយ និងជាមេដឹកនាំរបស់សភាជាន់ទាប ដែលជាស្ថាប័ននីតិប្បញ្ញត្តិមួយក្នុងចំណោមស្ថាប័ននីតិប្បញ្ញត្តិពីរនៅក្នុងសភាសហរដ្ឋអាម៉េរិក។

គណបក្សប្រជាធិបតេយ្យនឹងនៅរក្សាការគ្រប់គ្រងស្ថាប័នព្រឹទ្ធសភារបស់សហរដ្ឋអាម៉រិកនៅក្នុងអាណត្តិបន្ទាប់ដែលនឹងកោះប្រជុំជាលើកដំបូងនៅថ្ងៃទី ៣ ខែមករាឆ្នាំ ២០២៣ ខាងមុខនេះ។

យោងតាមការស្ទង់មតិរបស់ Gallup ដែលចេញផ្សាយនៅរដូវក្តៅនេះ បានឲ្យដឹងថារាល់ពេលនៃការស្ទង់មតិ ឃើញថា ការជឿទុកចិត្តរបស់សាធារណជនមកលើសភាបានឈានដល់កម្រិតទាបបំផុត គឺមានជនជាតិអាម៉េរិកត្រឹមតែ ៧ ភាគរយប៉ុណ្ណោះដែលបង្ហាញថាសភា “បានជួយស្រាយបញ្ហាបានល្អប្រសើរ” ឬ  ថា “គេមានទំនុកចិត្តច្រើន” លើសភា ៕

ប្រភពះ បណ្តាញសាព័ត៌មាន ស៊ិន ហ៊ួ (XINHUA.NET)