អន្តរជាតិ

រុស្ស៊ីចោទអ៊ុយក្រែនពីបទប្រហារជីវិតទាហានខ្លួន១០នាក់ដែលបានសុំចុះចាញ់

រដ្ឋាភិបាលរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនពីបទប្រហារជីវិតទាហានខ្លួនចំនួន ១០នាក់ ដែលបានសុំចុះចាញ់នៅក្នុងសង្រ្គាម ដោយបានដាក់ពាក្យប្តឹងឲ្យមានការស៊ើបអង្កេត​ជាអន្តរជាតិ។

នៅក្នុងរបាយការណ៍ចុងក្រោយរបស់ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានសបង្ហាញការចោទប្រកាន់ថា ទាហានរុស្ស៊ី១០នាក់ត្រូវបានសម្លាប់យ៉ាង​ព្រៃផ្សៃដោយភាគីអ៊ុយក្រែន ទោះបីជាទាហានទាំងនោះបានប្រកាសចុះចាញ់​ហើយក៏ដោយ។ ក្រសួងបាននិយាយដោយក្តីឈឺចាប់ថា “គ្មាននរណាម្នាក់នឹងអាច​លាបពណ៌ ឬកែប្រែការសម្លាប់ដោយចេតនាលើទាហានរុស្ស៊ីជាង ១០ នាក់ដែលត្រូវចាប់​បាននោះទេ”។ “វាជាឧក្រិដ្ឋកម្មសង្រ្គាមមួយដែលធ្វើឡើងដោយទីក្រុងកៀវ​យ៉ាងពិត​ប្រាកដ”។ ក្រសួងក៏បានបង្ហាញខ្សែអាត់វីដេអូជាភ័ស្តុតាងផងដែរ។

យោងតាមក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់រុស្ស៊ី ការប្រហារជីវិតដែលត្រូវបានចោទប្រកាន់នេះ បានធ្វើឡើងនៅភូមិ Makiivka ស្ថិតក្នុងតំបន់ Lugansk ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ខណៈដែលកងទ័ពអ៊ុយក្រែនបាននិយាយថា ពួកគេបានដណ្តើមយកមកវិញក្នុងសប្តាហ៍​នេះ។ ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សរុស្ស៊ី លោក Valeriy Fadeyev បានពោលថា “យើងនឹងស្នើសុំឱ្យមានប្រតិកម្ម និងការស៊ើបអង្កេតពីសហគមន៍អន្តរជាតិ”។

ឆ្លើយតបភ្លាមៗ អ្នក​នាំ​ពាក្យ​អង្គការ​សហ​ប្រជាជាតិ​បាន​ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP យ៉ាងដូច្នេះថា “យើង​ដឹង​អំពី​វីដេអូ​នេះហើយ ហើយ​យើង​កំពុង​ពិនិត្យ​មើល​វីដេអូ​ទាំង​នោះ”។ សំណុំរឿងកំពុងស្ថិតក្នុងដំណើរការពិចារណា។ ដោយឡែកអ៊ុយក្រែនផ្ទាល់វិញ​មិនបាន​ចេញ​ការបកស្រាយអ្វីនោះទេ៕

ប្រភព៖ AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា