សន្ដិសុខសង្គម

រថយន្តទំនើបបើកចុះស្ពានជ្រុលទៅបុករថយន្តធំពីក្រោយខ្ទេចខ្ទីកំណាត់មុខ

ភ្នំពេញ៖រថយន្តទំនើបបានបើកចុះពីលើស្ពានយ៉ាងលឿន ជ្រុលទៅបុករថយន្តធំ​ពីក្រោយពេញទំហឹងបណ្ដាលឱ្យខ្ទេចខ្ទីមួយកំណាត់មុខ។ គ្រោះថ្នាក់នេះបានកើតឡើង​នៅលើស្ពានព្រែកព្នៅ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា។

សាក្សីបានឱ្យដឹងថា មុនកើតហេតុមានរថយន្តម៉ាកតូយ៉ូតា តាកូម៉ា ផ្លាកលេខ ភ្នំពេញ 2BF-6124 បើកតាមផ្លូវវិមានឈ្នះឈ្នះ ឡើងស្ពានព្រែកព្នៅពីត្បូងទៅជើងយ៉ាងលឿន។ពេលដល់កន្លែងខាងលើ បានជ្រុលទៅបុករថយន្តធំពីក្រោយពេញទំហឹង បណ្តាលឱ្យរថយន្តតាកូម៉ាខ្ទេចខ្ទីមួយកំណាត់មុខ។ ចំណែករថយន្តធំបានបន្ថែមល្បឿន​ទៅមុខបាត់ តែក្នុងហេតុការណ៍នោះមិនបណ្តាលឱ្យមានអ្នករងគ្រោះថ្នាក់ទេ។

ក្រោយមកសមត្ថកិច្ចជំនាញចរាចរណ៍បានចុះពិនិត្យឃើញថាមិនប៉ះពាល់លើអ្នកដទៃនិង ទ្រព្យសម្បត្តិរដ្ឋ ក៏ឱ្យម្ចាស់រថយន្តយកចេញពីលើស្ពាននោះដើម្បីកុំឱ្យកកស្ទះចរាចរណ៍៕ដោយ៖វិចិត្រ