សន្ដិសុខសង្គម

បញ្ជូនភ្នាក់ងារលក់ខុនដូសង្ស័យឆបោកលុយជិត២ម៉ឺនដុល្លារទៅតុលាការ

ភ្នំពេញ៖កម្លាំងនាយកដ្ឋាននគរបាលក្រសួងមហាផ្ទៃ បានចាប់ជនសង្ស័យម្នាក់ជាភ្នាក់ងារ​លក់​ខុនដូនៅតំបន់កោះពេជ្រ ពាក់ព័ន្ធឆបោកលុយអតិថិជនជិត២ម៉ឺនដុល្លារនិងបញ្ជូន​ទៅតុលាការ។

មន្ដ្រីនគរបាលបានឱ្យអ្នកសារព័ត៌មានដឹងកាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកាថា ជនសង្ស័យឈ្មោះហេង សុធារិទ្ធ អាយុ២៧ឆ្នាំ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ តាមបណ្តឹងបានបញ្ជាក់ថា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ជនរងគ្រោះបានទិញ​ខុនដូមួយក្នុងតម្លៃជាង១០ម៉ឺនដុល្លារនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយបានប្រគល់លុយដំបូងជាង៣ម៉ឺនដុល្លារ រីឯលុយនៅសល់គឺបង់ប្រចាំខែ។

អំឡុងខែមករា ឆ្នាំ២០២២ ជនរងគ្រោះបានប្រគល់លុយប្រចាំខែឱ្យឈ្មោះ ហេង សុធារិទ្ធ ភ្នាក់ងារផ្នែកលក់ខុនដូយកទៅបង់ចូល​ក្រុមហ៊ុនសរុបចំនួន ១៨.៩៤២ដុល្លារ​និងបានប្រគល់បង្កាន់ដៃទទួលលុយ​ប្រចាំខែ​ទៀតផង​។ស្រាប់តែនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក៏មានបុគ្គលិកផ្នែកលក់ម្នាក់ទៀតបានមកជួបជនរងគ្រោះថា មិនទាន់បង់លុយរយៈពេល១១ខែមកហើយ។

បន្ទាប់ពីសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានទទួលលុយពីជនរងគ្រោះ​តែមិនបានយកទៅប្រគល់ឱ្យក្រុមហ៊ុនទេ និងក្លែងបង្កាន់ដៃទទួលលុយរបស់ក្រុមហ៊ុនឱ្យ​ជនរងគ្រោះមានទុកចិត្តពិតប្រាកដមែន។សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យទៅ​តុលាការដើម្បីចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ