សន្ដិសុខសង្គម

ឆេះឃ្លាំងផ្ទុកនិងលក់គ្រឿងសំណង់ បង្កការខូចខាតសម្ភារ​ជាច្រើន

កំពង់ស្ពឺ៖អគ្គិភ័យបានឆាបឆេះឃ្លាំងផ្ទុកនិងលក់សម្ភារគ្រឿងសំណង់មួយកន្លែងយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យឃ្លាំងនោះឆេះស្ទើរតែទាំងស្រុង និងខូចខាតសម្ភារជាច្រើន កាលពីម៉ោង៥ភ្លឺថ្ងៃទី១៩ ខែវិច្ឆិកានេះ។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា អគ្គិភ័យបានឆេះឃ្លាំងលក់គ្រឿងសំណង់មួយកន្លែង នៅភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ម្ចាស់ឃ្លាំងលក់គ្រឿងសំណង់ដែលភ្លើងឆេះឈ្មោះ សន វីគ្រែន អាយុ៣៤ឆ្នាំ ប្រពន្ធឈ្មោះ សន លក្ខិណា អាយុ៣១ឆ្នាំ នៅភូមិ-ឃុំខាងលើ ឃ្លាំងមានទំហំ១៥ម៉ែត្រគុណ៣០ម៉ែត្រ ជញ្ជាំងថ្ម ដំបូលប្រក់ស័ង្កសី និងខូចខាតសម្ភារសំណង់មួយចំនួនធំ ។

ក្នុងគ្រោះមហន្តរាយនេះ កម្លាំងនគរបាលស្រុកសំរោងទង និងនគរបាលខេត្តបានចេញ រថយន្តជួយបាញ់ទឹកពន្លត់មិនបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនិងមានគ្រោះដល់មនុស្សទេ។ចំពោះមូលហេតុ សមត្ថកិច្ចបានសន្និដា្ឋនថា អាចកើតពីឆ្លងចរន្តអគ្គិសនី។រីឯទំហំនៃការខូចខាតមិនទាន់ដឹងពិតប្រាកដនៅឡើយ ព្រោះកំពុងសាកសួរម្ចាស់ទីតាំង៕ដោយ៖វិចិត្រ