អន្តរជាតិ

គីមជុងអ៊ុននាំប្រពន្ធ និងកូនស្រី ទៅត្រួតពិនិត្យការបាញ់មីស៊ីលផ្លោងអន្តរទ្វីប

ប្រព័ន្ធផ្សព្វផ្សាយផ្លូវការកូរ៉េខាងជើងបានរាយការណ៍ថា មេដឹកនាំដ៏មានឥទ្ធិពលគីម  ជុងអ៊ុន បាននាំទាំងប្រពន្ធ និងកូនស្រីទៅត្រួតពិនិត្យការបាញ់មីស៊ីលផ្លោងអន្តរទ្វីប ICBM ផ្ទាល់តែម្តង។

ការចុះផ្សាយនេះ គឺជាព័ត៌មានដ៏កម្រមួយដែលចេញដោយរដ្ឋកូរ៉េខាងជើង បង្ហាញពីព័ត៌មាននៃគ្រួសាររបស់លោកគីមជុងអ៊ុន ក្នុងពេលដែលកំពុងមានភាពតានតឹង ជាមួយអន្តរជាតិ។ ប្រព័ន្ធផ្សព្វផ្សាយ KCNA បាននិយាយនៅថ្ងៃសៅរ៍ទី ១៩ ខែវិច្ឆិកានេះថា ការបាញ់បង្ហោះ “ICBM ប្រភេទថ្មី” បានទទួលជោគជ័យ។ “ការបាញ់សាកល្បងបានបង្ហាញពីភាពជឿជាក់នៃប្រព័ន្ធអាវុធយុទ្ធសាស្ត្រសំខាន់ថ្មី”  ខណៈលោកប្រធានគីម   ជុងអ៊ុនបាននាំទាំងប្រពន្ធនិងកូនស្រីតូចទៅទស្សនា ត្រួតពិនិត្យដោយក្តីសប្បាយរីក   រាយ។ រូបភាពផ្លូវការបានបង្ហាញពីការញញឹមញញែម របស់លោកគីម អមដោយក្មេងស្រីវ័យក្មេងម្នាក់នៅក្នុងអាវធំពណ៌ស និងស្បែកជើងពណ៌ក្រហម ជាមួយគ្រាប់បែកនុយក្លេអ៊ែរឆ្លងទ្វីប ICBM ដ៏ធំ។

ប្រព័ន្ធផ្សព្វផ្សាយបានបន្តថា លោកគីមបានថ្កោលទោសយ៉ាងខ្លាំងទៅកាន់សកម្មភាព បង្កហេតុរបស់អាម៉េរិកនិងកូរ៉េខាងត្បូងដែលបានធ្វើសមយុទ្ធរួមគ្នានៅដែនទឹកកូរ៉េ។ ការបាញ់ ICBM គឺជាការឆ្លើយតបនៃភាពអំណត់របស់កូរ៉េខាងជើង។

សូមរំលឹកម្តងទៀតថា ការបាញ់ICBM របស់កូរ៉េខាងជើងកាលពីថ្ងៃសុក្រធ្លាក់ ក្នុងដែនទឹកសេដ្ឋកិច្ចជប៉ុន បានទាក់ទាញការថ្កោលទោសមិនអាចលើកលែងពីជប៉ុន ក៏ដូចជាអាម៉េរិក។ មីស៊ីលកូរ៉េខាងជើងបានរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ ខណៈ មីស៊ីលនេះអាចហោះទៅកម្ទេចបានគ្រប់កន្លែងលើដីគោករបស់អាម៉េរិក៕

ប្រភព៖  AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា