អន្តរជាតិ

ខ្សែរថភ្លើងពីទីក្រុងកៀវទៅកាន់តំបន់ក្រុងឃើសន ត្រូវបានតភ្ជាប់ឡើងវិញ

មន្រ្តីជាន់ខ្ពស់អ៊ុយក្រែនបានរាយការណ៍ថា ឥឡូវនេះខ្សែរថភ្លើងពីទីក្រុងកៀវទៅកាន់តំបន់​កំពង់ផែឃើសនភាគខាងត្បូងត្រូវបានតភ្ជាប់ឡើងវិញហើយ បន្ទាប់ពីរុស្ស៊ីបាន​ដកទ័ពចេញ។

អនុប្រធានតំបន់ Kherson លោក Sergiy Khlan បាននិយាយថា “ផ្លូវរថភ្លើង​តភ្ជាប់រវាងរដ្ឋធានី Kyiv របស់អ៊ុយក្រែន និងទីក្រុង Kherson ដែលទើបនឹងរំដោះបានមកវិញ នឹងចាប់ផ្តើមធ្វើដំណើរចាប់ពីថ្ងៃសុក្រតទៅ”។ “រថភ្លើងដំបូងបានចេញដំណើរនៅថ្ងៃនេះ​នៅម៉ោង ១០ និង១៤នាទីយប់ ពីទីក្រុង Kyiv ហើយនឹងមកដល់ Kherson នៅម៉ោងប្រហែល ៩ព្រឹកនៅថ្ងៃស្អែកត្រូវជាថ្ងៃសៅរ៍”។

ការដាក់ឲ្យប្រើរថភ្លើងនេះ បានធ្វើឡើងបន្ទាប់ពីកងកម្លាំងអ៊ុយក្រែនបានឈានទៅចាប់យក​ទីក្រុងឃើសនបានមកវិញពីរុស្ស៊ី។ មួយសប្តាហ៍បន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ី​បានប្រកាសដកទ័ពចេញក្នុងលក្ខណៈមន្ទិលយ៉ាងខ្លាំង។ ថ្វីបើដូច្នេះក្តី ឃើសននៅមិនទាន់មានសុវត្ថិភាពទាំងស្រុងទេ យោងតាមអាជ្ញាធរអ៊ុយក្រែន ខណៈទ័ពរុស្ស៊ីនៅតែមានវត្តមានជុំវិញតំបន់នេះនៅឡើយ៕

ប្រភព៖  AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា