អន្តរជាតិ

ក្រោយដកទ័ពចេញពីឃើសន រុស្ស៊ីកំពុងខិតខំពង្រឹងជំហររបស់ខ្លួននៅគ្រីមៀរ

ទន្ទឹមនឹងមានការភ័យខ្លាចថាអ៊ុយក្រែននឹងវាយបកហួសទៅរំដោះឧបទ្វីបគ្រីមៀរយកទៅវិញ រដ្ឋាភិបាលរុស្ស៊ីបានដាក់ចេញនូវបញ្ជាពង្រឹងការការពារយ៉ាងខ្លាំងជាទីបំផុត។

លោក Sergei Aksyonov អភិបាល​តំបន់គ្រីមៀរ​ដែល​តែងតាំង​ដោយរុស្ស៊ីបាន​និយាយកាលពីថ្មីៗនេះថា “ការងារ​ពង្រឹង​កំពុង​ត្រូវ​បាន​អនុវត្ត​នៅ​លើ​ទឹកដីទូទាំង​គ្រីមៀរ ​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្ញុំ ​ក្នុង​គោល​បំណងដើម្បី​ធានា​សន្តិសុខ​របស់​ប្រជាជន​គ្រីមៀរ​ទាំង​អស់”។ “ប្រតិបត្តិការការពារត្រូវបានរឹតបន្តឹងខ្លាំង ការពារខ្លាំងនៅតាមព្រំដែនជាមួយតំបន់​ឃើសនអ៊ុយក្រែនដែលកងកម្លាំងរុស្ស៊ីទើបបានបន្លាស់ទីចេញ”។

យោងតាមការប្តេជ្ញារបស់ប្រធានាធិបតីអ៊ុយក្រែនកាលពីពេលកន្លងទៅ អ៊ុយក្រែននឹងរំដោះ​យកមកវិញនូវទឹកដីរបស់ខ្លួនពីរុស្ស៊ីទាំងចាស់ទាំងថ្មី រួមទាំងគ្រីមៀរផងដែរ។

គួររំលឹកថា តំបន់គ្រីមៀរត្រូវបានរុស្ស៊ី​បានដាក់​បញ្ចូលតាំងពី​ឆ្នាំ ២០១៤មកម្ល៉េះ បន្ទាប់ពី​មាន​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ទូទាំងតំបន់ ​ដែល​ឈាន​ដល់​ការ​ដក​តំណែង​អតីត​ប្រធានាធិបតី​អ៊ុយក្រែនដែល​ជា​មិត្ត​របស់​វិមាន​ក្រឹមឡាំង។ ចលនា​នេះ​ក្រោយមក​ត្រូវ​បាន​គេ​ប្រើ​ជាគំរូក្នុងព្រឹត្តិការណ៍​ខែកុម្ភៈ​​ គឺប្រតិបត្តិការ​យោធា​ពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន​តែម្តង៕

ប្រភព៖  AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា