ព្រះសីហនុ៖ ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ នាវាពិឃាដស្វ័យការពារកងទ័ពជើងទឹកជប៉ុន ឈ្មោះSJ HARUSAME លេខDD102 បានចូលចតកំពង់ផែក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជារយៈពេល៣ថ្ងៃ។
នាវាពិឃាដស្វ័យការពារកងទ័ពជើងទឹកជប៉ុននេះដឹកនាំដោយលោកវរនាវីឯក KUDO MASANORY ប្រធានបេសកកម្មនិងមេបញ្ជាការនាវានិងលោកវរនាវីទោ BAN MASAYUKI ។នាវាបានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងដំណើរទស្សនកិច្ចជាផ្លូវការចាប់ពីថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្នុងនាមកងទ័ពជើងទឹកកម្ពុជា លោកឧត្តមនាវីត្រី អ៊ិន សុខេមរ៉ា នាយសេនាធិការរងមូលដ្ឋានសមុទ្រកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ បានដឹកនាំនាយនាវីអញ្ជើញទៅទទួលស្វាគមន៍ប្រតិភូនាវាកងទ័ពជើងទឹកជប៉ុនពេលចូលចតដល់កំពង់ផែ។
មន្ត្រីកងទ័ពជើងទឹកកម្ពុជាឱ្យដឹងថា នាវានេះជាប្រភេទនាវាពិឃាដ មានបណ្ដោយ១៥១ម៉ែត្រ ទទឹង១៧,៤០ម៉ែត្រ ជម្រៅទឹក៥,២០ម៉ែត្រ ទម្ងន់ផ្ទុក៤.៥៥០តោន និងមាននាវិកចំនួន២០៥នាក់៕ដោយ៖វិចិត្រ