កីឡា

Mane របស់សេណេហ្គាល់ មិនបានលេងជាមួយក្រុម នៅ World Cup ទេ

ខ្សែប្រយុទ្ធ Sadio Mane របស់​ជម្រើសជាតិសេណេហ្គាល់ ត្រូវបានដកឈ្មោះចេញពីការប្រកួតប្រជែង ក្នុង​ព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា ដែល​នេះ​ជា​ការ​ប៉ះទង្គិចយ៉ាងខ្លាំងដល់​ឱកាសនៃ​ក្រុមរបស់គេ បន្ទាប់ពីមន្ត្រីសហព័ន្ធ​បាល់​ទាត់​ជាតិ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា រូប​គេនឹង​ត្រូវវះកាត់របួសជើង ក្នុង​ពេល​ដែលការ​ប្រកួត​ប្រជែង ដំណើរការ

Mane មាន​ភាព​មិន​ច្បាស់លាស់ សម្រាប់​ក្រុម​អាហ្វ្រិក​ខាង​លិច បន្ទាប់​ពីមាន​​របួស​កំភួន​ជើង​ផ្នែក​ខាង​ស្ដាំ ពេល​លេង​ការ​ប្រកួតឱ្យ​​ក្លិប​ Bayern Munich របស់​ប្រទេស​អាល្លឺម៉ង់។

គ្រូពេទ្យ​ប្រចាំ​ក្រុមសេណេហ្គាល់លោក​ Manuel Afonso បានប្រាប់អ្នកសារព័ត៌មានថា៖ «ជាសំណាង​មិន​ល្អថ្ងៃនេះ (ថ្ងៃព្រហស្បតិ៍) MRI (​ការ​ថតស្កេនតាម​ម៉ាស៊ីនវេជ្ជសាស្ត្រ) បង្ហាញយើងថា ការជាសះស្បើយឡើង​វិញ មិនមាន​អំណោយផលដូចដែលយើងបានរំពឹងទុកទេ ហើយជារឿង​គួរ​សោក​ស្ដាយ យើងសម្រេចប្រកាសដកឈ្មោះ​កីឡាករ Sadio (Mane) ពី World Cup»។

ខ្សែប្រយុទ្ធរូបនេះមានសារៈសំខាន់ ចំពោះភាពជោគជ័យនាពេលថ្មីៗនេះរបស់សេណេហ្គាល់ ដែលត្រូវបានគេចាត់ទុកថា ជាក្តីសង្ឃឹមដ៏ខ្ពស់​បំផុតរបស់ទ្វីបអាហ្រ្វិក ក្នុង​ការ​ប្រកួត​ប្រជែង នៅ World Cup នេះ។ អវត្តមានរបស់គេ នឹងក្លាយជាផល​ប៉ះ​ពាល់​ដ៏​ធំ ចំពោះឱកាសរបស់ពួកគេ ក្នុងការ​បាន​ឆ្លង​ឱ្យ​ផុត​ពី​ការ​ប្រកួត ក្នុង​ពូល A ដែលពួកគេត្រូវជួបជាមួយក្រុមហូឡង់ នៅថ្ងៃចន្ទ មុនពេលប៉ះ​ជាមួយប្រទេសម្ចាស់ផ្ទះកាតា និងអេក្វាទ័រ​ជា​បន្ត​បន្ទាប់​។

Mane បានក្លាយជាកីឡាករឆ្នើមរបស់ក្រុម ដោយបានស៊ុតបាល់ប៉េណាល់ទីគ្រាប់​ជ័យ​ជម្នះ ក្នុង​វគ្គផ្តាច់ព្រ័ត្រ នៅ​ឯកម្ម​វិធី Africa Cup of Nations នាប្រទេសកាមេរូន កាល​ពី​ខែកុម្ភៈ និង ៦សប្តាហ៍ក្រោយមក ជួយ​ធានាសិទ្ធិ​មក World Cup ក្នុង​វគ្គ​ជម្រុះ។ ក្នុង​ពេល​វេលា​ទាំង ២លើក​នោះ ពួក​គេ​សុទ្ធតែ​បាន​ទម្លាក់ក្រុម​អេហ្ស៊ីប ​ដោយ​បាល់​ប៉េណាល់ទី​កាត់​ក្ដី​រាល់​លើក​។

កីឡាករ Mane វ័យ ៣០ឆ្នាំ បាន​ជាប់​ជា​កីឡាករ​បាល់ទាត់​ឆ្នើមជាង​គេ​​ប្រចាំ​ឆ្នាំ​របស់​ទ្វីបអាហ្វ្រិក​ចំនួន​ ២​ដង៕