កីឡា

Correa និង Gonzalez នៅក្រៅក្រុមអាហ្សង់ទីន ក្នុងព្រឹត្តិការណ៍ World Cup

សហព័ន្ធ​បាល់ទាត់អាហ្សង់ទីន (AFA) បានឱ្យ​ដឹង កាលពីថ្ងៃព្រហស្បតិ៍​ម្សិល​មិញថា កីឡាករ Joaquin Correa និង Nicolas Gonzalez ត្រូវបានដកចេញពីក្រុម​ជម្រើស​ជាតិ សម្រាប់​ការប្រកួតប្រជែង ក្នុង​ព្រឹត្តិការណ៍ World Cup ដោយសារតែរបួស។

ជាមួយ​គ្នា​នេះ AFA បាន​ប្រាប់​ថា​  កីឡាករ Angel Correa ត្រូវ​បាន​កោះហៅ​ឱ្យ​មក​ជំនួសកីឡាករ Gonzalez ដែល​មាន​​របួស​សាច់ដុំ។

AFA បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍របស់​ខ្លួន​ថា៖ «បន្ទាប់ពីមាន​ការ​ហ្វឹកហ្វឺនថ្ងៃនេះ (ថ្ងៃព្រហស្បតិ៍) កីឡាករ Nicolas Gonzalez បានរងរបួសសាច់ដុំ ហើយនឹងមិនត្រូវបានដាក់បញ្ចូលក្នុងក្រុមជម្រើស​ជាតិ ក្នុង​ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកទេ។ កីឡាករ Angel Correa ត្រូវ​បាន​កោះ​ហៅ ដើម្បី​មក​ជំនួស​កន្លែង​របស់​កីឡាករ Gonzalez»។

«កីឡាករ Joaquin Correa ក៏នឹងត្រូវដកចេញពីក្រុម នៅ World Cup នេះ​ ដោយសារ​មាន​របួសដែរ។ កីឡាករ ដែល​ត្រូវមក​ជំនួស នឹង​ត្រូវ​ជូនដំណឹងនៅប៉ុន្មានម៉ោងខាងមុខនេះ»។ សេចក្ដី​ប្រកាស​របស់​ AFA បាន​បន្ថែម​។

ការប្រកួតបើកឆាក នៅ World Cup របស់ក្រុម​អាហ្សង់ទីន ត្រូវប៉ះជាមួយ​ក្រុមអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃទី២២ ខែវិច្ឆិកា ខណៈដែល​ក្រុម​ម្ចាស់ជើងឯកនៃ​កម្មវិធី Copa America របស់​ទ្វីប​អាមេរិក​ឡាទីន ក៏កំពុងមិន​ស្រណុក​ចិត្តនឹង​​ភាព​រឹង​មាំ​ឡើង​វិញរបស់ខ្សែការពារ Christian Romero ក៏​ដូ​ចជា​​ខ្សែប្រយុទ្ធទាំង ២ Alejandro Gomez និង Paulo Dybala ដែលពួកគេទាំង ៣នាក់ សុទ្ធតែ​អវត្តមាន ក្នុង​ការប្រកួតកម្ដៅសាច់ដុំចុងក្រោយរបស់អាហ្សង់ទីន កាលពីថ្ងៃពុធ៕