សេដ្ឋកិច្ច

អង្ករ “​ផ្ការំដួល​” ទទួលបាន​ជ័យលាភី​លេខ​១​លំដាប់​ពិភពលោក​ឆ្នាំ​២០២២

​ភ្នំពេញ​៖​ពិតជា​មោទកភាព​ជាតិ​ណាស់ ដែល​អង្ករ​របស់​កម្ពុ​ជា​បានឈ្នះ​ជ័យលាភី​ជា «​អង្ករ​ល្អ​ដាច់​គេ​»របស់​ពិភពលោកប្រចាំឆ្នាំ​២០​២​២​​ក្នុង​វេទិកា​សន្និសីទ​អង្ករ​ពិភពលោកដែល​ធ្វើឡើង​នៅ​ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ នា​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២​។នេះ​បើតាម​ការឱ្យ​ដឹង​របស់​​លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។​

​លោក សុង សារ៉ន បាន​បន្តថា នេះ​ជា​ឆ្នាំ​ទី​៥​ហើយ​ដែល​អង្ករ​របស់​កម្ពុជា​ទទួលបាន​ជ័យលាភី​នេះ ក្នុងនោះ​គឺ​នៅ​ឆ្នាំ​២០១២ ឆ្នាំ​២០១៣ ឆ្នាំ​២០១៤ ឆ្នាំ​២០១៨ និង​ចុងក្រោយ​នៅ​ឆ្នាំ​២០២២​នេះ​ទៀត​ដែរ​។​

​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ បាន​សូម​អគុណ​ដល់​ក្រុមការងារ​សហព័ន្ធ​ស្រូវ​អង្ករ សមាជិក​រោង​ម៉ាស៊ីនកិនស្រូវ សហគមន៍​កសិកម្ម ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម ដែល​ផ្តល់​គាំទ្រ​ផលិត​អង្ករ​ល្អ​ដាច់​គេ ដើម្បី​ចួ​ល​រួម​ប្រកួត និង​នាំ​ពានរង្វាន់​មក​កម្ពុជា​៕

​ជាមួយគ្នានេះដែរ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​បាន​ថ្លែង​សារ អបអរសាទរ​យ៉ាង​ក្លៀវក្លា ចំពោះ​អង្ករ​កម្ពុជា​ពូជ “​ផ្ការំដួល​” ដែល​ទទួលបាន​ជ័យលាភី​លេខ​១ ជា​អង្ករ​ល្អ​ដាច់​គេ លំដាប់ថ្នាក់​ពិភពលោក​។​

​លោក​បាន​បញ្ជាក់ថា​នេះ​គឺជា​លើក​ទី​៥​ហើយ ដែល​អង្ករ​កម្ពុជា​បានទទួល​ជ័យលាភី​នេះ និង​នាំមក​នូវ​មោទនភាព​សម្រាប់​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី បាន​លើកឡើងថា​៖​ជ័យលាភី​នេះ​នឹង​បង្កើន​កេរ្តិ៍ឈ្មោះ​អង្ករ​កម្ពុជា​បន្ថែមទៀត​នៅលើ​ឆាក​អន្តរជាតិ​ខណៈដែល​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​សម្រាប់​រយៈពេល ១០​ខែ កើន​បាន​១០,៦៧% ដែលមាន​បរិមាណ​សរុប​ចំនួន ៥០៩.២៤៩ តោន ហើយ​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៣២៣,៩០ លាន​ដុល្លារ​៕