អន្តរជាតិ

ហ្វាំងឡង់ស្នើចំណាយថវិកា ១៤៣,៤ លានដុល្លារធ្វើរបងព្រំដែនជាប់រុស្ស៊ី

រដ្ឋាភិបាលនៃប្រទេសហ្វាំងឡង់ បានស្នើដាក់ចេញនូវថវិកាជាង ១៤០លានដុល្លារ    អាម៉េរិក ដើម្បីយកទៅធ្វើរបងព្រំដែនជាប់ជាមួយរុស្ស៊ី។

ដូចបានជម្រាបម្តងរួចហើយអំពីគម្រោងនេះ ខណៈរដ្ឋាភិបាលហ្វាំងឡង់បាននិយាយថា ខ្លួននឹងសាងសង់របាំងនៅតាមផ្នែកខ្លះនៃព្រំដែនខ្លួនជាប់ប្រទេសរុស្ស៊ី ក្នុងការផ្លាស់ប្តូរមួយ​ដើម្បីពង្រឹងការត្រៀមខ្លួនប្រឆាំងនឹងការគំរាមកំហែងនានា ដូចជាការហូរចូលដ៏ច្រើននៃ​អ្នកស្វែងរកសិទ្ធិជ្រកកោនឆ្លងដែន។

អាជ្ញាធរឆ្មាំព្រំដែនរបស់ប្រទេសនេះបាននិយាយថា ទីបំផុតរដ្ឋបានដាក់ចេញនូវគម្រោង​សាងសង់របងចន្លោះគីឡូម៉ែត្រ ១៣០ ទៅ២៦០ គីឡូម៉ែត្រ ដែលគ្របដណ្តប់ប្រហែលពី១០ ទៅ ២០ភាគរយនៃប្រវែងទាំងមូល ផ្តោតចម្បងទៅលើចំណុចឆ្លងកាត់ព្រំដែនថ្មើរជើង និងចំណុចភាគអាគ្នេយ៍នៃប្រទេសហ្វាំងឡង់។

រដ្ឋាភិបាលបានស្នើទៅកាន់សភាចំនួន ១៣៩ លានអឺរ៉ូ ស្មើនឹង ១៤៣,៤លានដុល្លារ  អាម៉េរិកសម្រាប់គម្រោងនេះ។ សភាហ្វាំងឡង់មិនទាន់បានអនុម័តសម្រេចទេ ដោយបានចេញនូវគម្រោងសាកល្បងមួយតម្លៃ ៦លានអឺរ៉ូសិនកាលពីថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ។

ចាប់តាំងពីមានសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែនមក ប្រទេសជិតខាងជាច្រើនបានអនុម័តថវិកា​លើ​វិស័យ​ការពារជាតិច្រើនជាងវិស័យផ្សេងៗគួរឲ្យកត់សម្គាល់ រាប់ចាប់ពីការទិញ​អាវុធបន្ថែម និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធព្រំដែននេះតែម្តង៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា