អន្តរជាតិ

សហភាពអឺរ៉ុបប្រកាសរំលឹកជាថ្មីផ្តល់ម៉ាស៊ីនកម្តៅដល់អ៊ុយក្រែន ខណៈរដូវរងាចូលមកដល់ហើយ

សហភាពអឺរ៉ុបប្រកាសរំលឹកជាថ្មីផ្តល់នូវម៉ាស៊ីនកម្តៅបន្ថែមទៀតដល់អ៊ុយក្រែន ខណៈពេលដែលរដូវរងាបានឈានចូលមកដល់ហើយ។

ក្រោយព្រិលមួយមេដំបូងបានធ្លាក់នៅរដ្ឋធានីកៀវប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ សញ្ញានៃរដូវរងាបានចូលមកដល់ ធ្វើឲ្យរដ្ឋាភិបាលអ៊ុយក្រែន បានសម្ដែង​នូវការព្រួយបារម្ភយ៉ាងខ្លាំងពីការផ្គត់ផ្គង់ចរន្តអគ្គិសនី​ដល់ប្រជាជននាពេលនេះ បន្ទាប់ពី​ហេដ្ឋារចនាសម្ព័ន្ធថាមពលស្ទើរពាក់កណ្តាលបានរងការវាយប្រហារពីរុស្ស៊ី។ ស្នងការ​គ្រប់គ្រងវិបត្តិរបស់សភាពអឺរ៉ុប លោក Janez Lenarcic បាននិយាយថា សហភាពអឺរ៉ុប​ក៏ព្រួយបារម្ភដែរ ពោលនឹងគិតគូរផ្តល់ទីជម្រកសម្រាប់អាកាសធាតុ​ត្រជាក់បណ្តោះអាសន្ន, ម៉ាស៊ីនភ្លើង ក៏ដូចជាឧបករណ៍ជួសជុលបណ្តាញអគ្គិសនី​ដល់អ៊ុយក្រែនបន្ថែម មុនពេលរដូវរងាមិនទាន់ចូលមកដល់ស៊ប់។ លោកបាននិយាយថា  “រដូវរងាជិតមកដល់​ហើយ ឥឡូវនេះវាគឺជាអាទិភាពសំខាន់របស់យើងក្នុងការផ្តល់​ជំនួយមនុស្សធម៌”។ “អ្នកអាចស្រមៃថាតើរដូវរងានេះពិបាកប៉ុនណាសម្រាប់ប្រជាជនអ៊ុយក្រែននៅពេលដែលពួកគេកំពុងប្រឈមមុខនឹងការខ្វះខាតថាមពល ការដាច់ចរន្តអគ្គិសនី ខ្វះទឹក ខ្វះកម្ដៅ ប្រេង”។

យោងតាមនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal អ៊ុយក្រែនបានទទួលម៉ាស៊ីន​ភ្លើងចំនួន ៧០០ គ្រឿងរួចហើយពីដៃគូបរទេសសមាជិកនៃសហភាពអឺរ៉ុប   ខណៈ៩០០​ផ្សេងទៀតនឹងត្រូវចែកចាយក្នុងពេលឆាប់ៗ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា