អន្តរជាតិ

រុស្ស៊ីសុំអាម៉េរិកម្តងទៀតឲ្យបញ្ចុះបញ្ចូលអ៊ុយក្រែនចូលតុចរចា

រដ្ឋាភិបាលរុស្ស៊ីបានស្នើជាថ្មីម្តងទៀតទៅកាន់មហាអំណាចអាម៉េរិកឲ្យជួយបញ្ចុះបញ្ចូល អ៊ុយក្រែនមកកាន់តុចរចាផង ខណៈសង្រ្គាមបានឈានចូលដល់ខែទី៩ហើយ។

យោងតាមការបញ្ជាក់ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ជាមួយអ្នក​កាសែតកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានឲ្យដឹងថា រុស្ស៊ីស្នើសុំអាម៉េរិកឲ្យពិចារណា​អំពីកង្វល់នេះម្តងទៀត អាម៉េរិកគួរយល់ពីស្ថានភាពបច្ចុប្បន្ន និងលើកទឹកចិត្តដល់ទីក្រុង​កៀវឲ្យវិលត្រឡប់មកកាន់តុចរចា។ អ្នកនាំពាក្យបានបន្តថា ទន្ទឹមនឹងសង្រ្គាមបានឈាន​ចូល​មកដល់ខែទី៩ អ៊ុយក្រែននៅតែមានជំហរមិនច្បាស់លាស់ ព្រងើយកន្តើយមិនចង់​បញ្ចប់សង្រ្គាមដោយសន្តិភាព។ “អ៊ុយក្រែនបានផ្លាស់ប្តូរជំហររបស់ពួកគេច្រើនដង មិនអាចយកជាការណ៍បានទេ”។

មិនមានការឆ្លើយតបថ្មីពីអាម៉េរិកទេ តែអាម៉េរិកនៅដើមខែវិច្ឆិកានេះក៏ធ្លាប់បាននិយាយ​ជាមួយ​អ៊ុយក្រែនផ្ទាល់ដែរអំពីរឿងនេះ។ អាម៉េរិកបានលើកទឹកចិត្តដល់រដ្ឋបាល​ហ្សេឡិនស្គីក្នុងការចូលទៅរកផ្លូវការទូតឆាប់បានបញ្ចប់ជម្លោះ តែហ្សេឡិនស្គីបានដាក់​លក្ខខណ្ឌជាច្រើនទៅកាន់រុស្ស៊ី។ លក្ខខណ្ឌទាំងនោះគឺផ្អែកទៅលើធម្មនុញ្ញអង្គការ​សហប្រជាជាតិ ជាអ្វីដែលអ៊ុយក្រែនថា មិនហួសហេតុពេកទេ រួមមានការសង​សំណង​ខូចខាត ការកាត់ទោសឧក្រិដ្ឋកម្មសង្រ្គាម ដកទ័ពចេញពីទឹកដីអ៊ុយក្រែនជាដើម។ ប្រសិនបើធ្វើតាមការទាមទារនេះ អ៊ុយក្រែននឹងចូលខ្លួនចរចា៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា