អន្តរជាតិ

រុស្ស៊ីយល់ព្រមសុពលភាពនាំចេញធញ្ញជាតិអ៊ុយក្រែន១២០ថ្ងៃបន្ថែមទៀត

រដ្ឋាភិបាលទីក្រុងមូស្គូ បានយល់ព្រមលើសុពលភាពថ្មី១២០ថ្ងៃបន្ថែមទៀតដល់អង្គការ​សហប្រជាជាតិក្នុងកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន។

នៅក្នុងការសន្ទនាតាមទូរសព្ទជាមួយអ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានជម្រាបប្រាប់ឲ្យដឹងថា រដ្ឋាភិបាលរុស្ស៊ីនឹងអនុញ្ញាតឲ្យមានការនាំចេញ​ធញ្ញជាតិអ៊ុយក្រែនតាមសមុទ្រខ្មៅបន្តទៀតក្នុងសុពលភាព១២០ថ្ងៃ ខណៈសុពលភាពនៃ​កិច្ចព្រមព្រៀងបច្ចុប្បន្ននឹងត្រូវផុតកំណត់នៅថ្ងៃសៅរ៍សប្តាហ៍នេះហើយ។ លោក Peskov បានលើកឡើងថា ការអនុគ្រោះដោយរុស្ស៊ី គឺជាការងារមួយដែលរុស្ស៊ីចង់ឲ្យលោកខាង​លិច​ដកចេញនូវទណ្ឌកម្មផ្សេងៗដែលបានដាក់មកលើខ្លួន បង្ហាញឲ្យដឹងថារុស្ស៊ីគឺជាភាគី​ដែលសំខាន់ខ្វះមិនបានក្នុងការចូលរួមចំណែកបន្ទុកពិភពលោក។

រុស្ស៊ីបានឃើញវឌ្ឍនភាពឆ្ពោះទៅរកការបន្ធូរបន្ថយទណ្ឌកម្ម ដោយលើកឡើងពី    សេចក្តីថ្លែងការណ៍រួមរបស់សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ដែលមិនបានដាក់ទណ្ឌកម្មលើការនាំចេញអាហារ និងជីរបស់រុស្ស៊ី។ ឆ្លងកាត់ចំណុច​នេះហើយ ទីក្រុងមូស្គូមានជំនឿជាក់ និងកំពុងបន្តការងារដើម្បី​ដកចេញនូវសម្ពាធ​ទណ្ឌកម្មដែលនៅសេសសល់ផ្សេងទៀត។ យោងតាមអង្គការ​សហប្រជាជាតិ កិច្ចព្រមព្រៀងបច្ចុប្បន្នដែលហៀបនឹងផុតនេះ បាននាំចេញគ្រាប់ធញ្ញជាតិ និងគ្រឿងឧបភោគបរិភោគជិត ១១លានតោនទៅកាន់ទីផ្សារអន្តរជាតិ។ កិច្ចព្រមព្រៀងនេះគឺជាខ្សែជីវិតសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់អ៊ុយក្រែនក្នុងសម័យសង្គ្រាម ព្រមទាំងបានជួយសម្រាលការខ្វះខាតស្បៀងអាហារនៅជុំវិញពិភពលោក រក្សាស្ថិរភាពតម្លៃផងដែរ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា