សេដ្ឋកិច្ច

រដ្ឋ​និង​ឯកជន ពិភាក្សាគម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​បាវិត​

​ភ្នំពេញ​៖​ចំណុច​សំខាន់ៗ​នៃ​ការងារ​សិក្សា​សមិទ្ធិ​លទ្ធភាព និង​កិច្ចសន្យា​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​បាវិត ត្រូវបាន​លើកយក​មក​ពិនិត្យ​ពិភាក្សា​បន្ត ដើម្បី​ជំរុញ​ឱ្យបាន​ចប់សព្វគ្រប់ ហើយ​ឈានទៅរក​ការចុះកិច្ច សន្យា​បាន​តាម​ការគ្រោងទុក​នា​ពេលខាងមុខ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូនកាលពីថ្ងៃទី១៧ខែវិច្ឆិកាបាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា ជំរុញ​ការងារ​សិក្សា​សមិទ្ធិ​លទ្ធភាព និង​ពង្រាង​កិច្ចសន្យា​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​បាវិត ដោយមាន​ការចូលរួម​ផងដែរ​ពី ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋ​មន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​វត្តមាន​របស់​ឯកឧត្តម អស់លោក លោកស្រី ដែលជា​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ​ពិភាក្សា រិះរក​ដំណោះស្រាយ​ធ្វើយ៉ាងណា​ឱ្យ​ការងារ​សិក្សា​សមិទ្ធិ​លទ្ធភាព និង​ពង្រាង​កិច្ចសន្យា​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​បាវិត មាន​ខ្លឹម​សារ​គ្រប់​ជ្រុងជ្រោយ អាច​ទទួលយកបាន​និង​អាច​អនុ​វ​ត្ដោ​យ​រលូន​នៅពេល​អនាគត ប្រក​ដោយ​គុណភាព និង​ប្រសិទ្ធភាព​ការងារ​ខ្ពស់ ជាពិសេស​ដើម្បី​ឈានទៅរក​ការចុះកិច្ចសន្យា​ពេលខាងមុខ តាម​ផែន​ការដែល​បានគ្រោង​ទុក​។​

​សូម​ជម្រាបជូន​ថា​៖ គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត នឹង​ក្លាយជា​ផ្លូវ​ល្បឿន​លឿនទី​ពីរ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​គ្រោង​នឹង​បើក​ការដ្ឋាន​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២៣​ខាងមុខ ហើយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅក្នុង​ឆ្នាំ​២០២៧​។ ដោយ​រំពឹងទុក​ថា​នឹង​បញ្ចប់​តំណាលគ្នា​ជាមួយ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ហូជីមិញ​-​ម៉ុក​បៃ របស់​វៀតណាម ហើយ​នឹងធ្វើ​ការតភ្ជាប់​គ្នា​នៅត្រង់ចំណុច​ដែល​ទទួលបាន​ការឯកភាព​ទ្វេភាគី​តែម្តង​៕​ដោយៈសិរីមតី