អន្តរជាតិ

យន្តហោះម៉ាឡេស៊ីអ៊ែរឡាញMH17ធ្លាក់កាលឆ្នាំ២០១៤ គឺបាញ់ដោយមីស៊ីលរុស្ស៊ី

តុលាការហូឡង់នៅចុងសប្តាហ៍នេះ បានប្រកាសសាលដីកាកាត់ទោសជនជាតិរុស្ស៊ីចំនួន​២នាក់ និងអ៊ុយក្រែនម្នាក់ឲ្យជាប់គុកអស់មួយជីវិត ក្រោយស៊ើបដឹងថាពួកគេគឺជាអ្នកនៅ​ពីក្រោយ​ការបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ី MH17 ធ្លាក់កាលពីឆ្នាំ២០១៤។

សំណុំរឿងដ៏អាថ៌កំបាំងនេះត្រូវបានតុលាការប្រទេសហូឡង់លាតត្រដាងយ៉ាងច្បាស់លាស់នៅសប្តាហ៍នេះ ដោយបានចោទជនជាតិរុស្ស៊ីចំនួន២រូប ដែលម្នាក់គឺជា អតីតវរសេនីយ៍ឯកនៃសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB)ឈ្មោះ Igor Girkin និងភ្នាក់ងារស៊ើបការណ៍យោធា GRU របស់រុស្ស៊ី លោក Sergey Dubinskiy ដែលត្រូវបានកាត់ទោសរួមគ្នាជាមួយអ្នកបំបែកខ្លួនអ៊ុយក្រែនម្នាក់ឈ្មោះ Leonid Kharchenko។ ពួកគេត្រូវបានស៊ើបដឹងថា គឺជាអ្នកដែលបានដឹកនាំអង្គភាពប្រយុទ្ធនៅ Donetsk ក្នុងខែ  កក្កដា ឆ្នាំ ២០១៤ និងបានបាញ់យន្តហោះនៃអាកាសចរណ៍ស៊ីវិល​ម៉ាឡេស៊ីអ៊ែរឡាញ MH17 ឲ្យធ្លាក់ឆេះសម្លាប់មនុស្សរាប់រយនាក់។

បើទោះជាពេលនេះ​ជនជាប់ទោសខាងលើមិនទាន់ត្រូវបានចាប់ខ្លួន និងកំពុងស្ថិតនៅ​ក្នុងប្រទេសរុស្ស៊ីនៅឡើយក៏ដោយ តុលាការហូឡង់ក៏បានកាត់ទោសនិងឲ្យពួកគេ​ក្នុងម្នាក់ត្រូវបង់ប្រាក់សំណងដល់សាច់ញាតិក្រុមគ្រួសារសពចំនួន ១៦,៥លានដុល្លារ អាម៉េរិកផងដែរ។ ឆ្លើយតបជាមួយគ្នា រុស្ស៊ីបានបដិសេធនឹងរបាយការណ៍នេះ ដោយសុំពេលបន្តនីតិវិធីសិក្សាជាមុនសិន។

គួររំលឹកជាថ្មីថា យន្តហោះ MH17 បានធ្លាក់នៅក្នុងទឹកដីនៃក្រុមឧទ្ទាមបំបែកខ្លួនភាគ​ខាងកើតអ៊ុយក្រែនក្នុងអំឡុងពេលហោះចេញពីទីក្រុង Amsterdam ប្រទេសហូឡង់​ទៅកាន់ទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៤ ដោយបានសម្លាប់មនុស្សសរុប ២៩៨នាក់ ក្នុងនោះមានសមាជិកនាវិក ១៥ នាក់និងអ្នក​ដំណើរ ២៨៣ នាក់មកពី ១៧ប្រទេស៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា