សន្ដិសុខសង្គម

បុរសម្នាក់ជួយក្មេងស្រីក្នុងករណីប្លន់ម៉ូតូ ត្រូវក្រុមចោរបាញ់ឱ្យរបួស

ភ្នំពេញ៖បុរសម្នាក់ក្នុងចំណោមក្រុមអ្នកដឹកជញ្ជូន E-get បានព្យាយាមជួយក្មេងស្រី​ក្នុងករណីប្លន់​ម៉ូតូនិងទូរសព្ទ ត្រូវក្រុមចោរបាញ់ចំនួន២គ្រាប់បណ្តាលឱ្យរងរបួសជើង។ហេតុការណ៍នេះបានកើតឡើងនៅច្រកចេញចូលផ្ញើម៉ូតូសួនអ៊ីដេនហ្គាដេនក្នុងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីម៉ោង៣ទៀបភ្លឺថ្ងៃទី១៨ ខែវិច្ឆិកា។

ក្មេងស្រីរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ នាងបានជិះម៉ូតូម៉ាកស្កូពី មិនទាន់​កឹបផ្លាកលេខ ចេញពីពោធិ៍ចិនតុងទៅសួនអ៊ីដេនហ្គាដេនដើម្បីទទួលមិត្តភ័ក្តិ។មកដល់កន្លែងខាងលើស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមកជិត រួចប្លន់យកម៉ូតូ ហើយនាងស្រែកថាចោរៗ។

ពេលនោះក្រុមចោរបានព្យាយាមបញ្ឆេះម៉ូតូ តែម៉ូតូនាងបានប្រើសោ SMARTKEY មិនអាចបញ្ឆេះបាន ទើបចោរប្លន់យកទូរសព្ទតែមិនបានសម្រេច ហើយជនសង្ស័យ​ក៏ឡើងម៉ូតូរបស់ពួកគេជិះចេញទៅ។ភ្លាមនោះក៏មានអ្នកដឹកជញ្ជូនម្នាក់បាន​ដេញតាមពីក្រោយពួកចោរ តែត្រូវជនសង្ស័យបាញ់ចំនួន២គ្រាប់បណ្តាលឱ្យរងរបួសជើង ហើយបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត។នាងម្ចាស់ម៉ូតូបានបន្តថា មុននិងក្រោយកើតហេតុមិនមានវត្តមានសមត្ថកិច្ចនៅទីនោះទេ៕ដោយ៖វិចិត្រ