សន្ដិសុខសង្គម

បុរសពោះម៉ាយម្នាក់រាយខ្សែភ្លើងឆក់ត្រី ភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯង

ភ្នំពេញ៖បុរសពោះម៉ាយម្នាក់បែកបាក់ប្រពន្ធជាច្រើនឆ្នាំ មានកូន៣នាក់ក្នុងបន្ទុក បានរាយខ្សែភ្លើងចេញពីបន្ទប់ទៅឆក់ត្រីក្នុងអូរក្រោយផ្ទះ ទំនងភ្លាត់ស្នៀតឆក់ស្លាប់​ខ្លួនឯង។ហេតុការណ៍នេះបានកើតឡើងនៅម្តុំផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា។

ប្អូនថ្លៃជនរងគ្រោះបានឱ្យដឹងថា បងដែលស្លាប់ឈ្មោះ តូច សុផល អាយុ៤២ឆ្នាំ ស្នាក់នៅជិតកន្លែងខាងលើ ជាបុរសពោះម៉ាយលែងលះជាមួយប្រពន្ធជាច្រើនឆ្នាំមកហើយ មានកូនប្រុសស្រី៣នាក់ក្នុងបន្ទុក។

ប្អូនថ្លៃបានបន្តថា ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា មុនកើតហេតុ រូបគាត់បានរាយខ្សែភ្លើងចេញពី​បន្ទប់ដើម្បីឆក់ត្រីក្នុងអូរក្រោយផ្ទះ។លុះរសៀលថ្ងៃដដែលមិនឃើញគាត់មកផ្ទះវិញ ហើយខ្សែភ្លើងក៏មិនទាន់ដក ទើបនាំគ្នារកមើលតាមខ្សែភ្លើងដែលរាយនោះស្រាប់តែឃើញ​បងថ្លៃស្លាប់​ក្នុងទឹកក្រោយផ្ទះបាត់ទៅហើយ ដោយចោលកូន៣នាក់ឱ្យនៅកំព្រា។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើកោសល្យវិច័យនិងបញ្ជាក់ថា បុរសខាងលើស្លាប់ដោយសារចរន្តភ្លើងឆក់ ៕ដោយ៖វិចិត្រ