សន្ដិសុខសង្គម

ចាប់បាន២នាក់ចំណោម១០នាក់ ជិះម៉ូតូឆក់កាបូបដាក់សម្ភារមានតម្លៃ

ភ្នំពេញ៖ជាង២ម៉ោងក្រោយពីឆក់កាបូបដាក់សម្ភារមានតម្លៃ កម្លាំងនគរបាលភ្នំពេញ ជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវចាប់ជនសង្ស័យបាន២នាក់ ចំណោម១០នាក់។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីម៉ោង៨ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ជនសង្ស័យមានគ្នាប្រមាណ ជាង១០នាក់ ជិះម៉ូតូ៦គ្រឿង បានឆក់កាបូបស្ពាយដាក់សម្ភារមានតម្លៃពីស្ត្រីម្នាក់ កំពុងជិះម៉ូតូតាមផ្លូវ នៅម្តុំស្ពានអាកាសចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ក្រោយកើតហេតុ អ្នកដំណើរបានថតផ្លាកលេខម៉ូតូពួកចោរ២គ្រឿង លេខភ្នំពេញ1JT-8029 និងភ្នំពេញ1II-4208 ផ្តល់ឱ្យសមត្ថកិច្ច។រយៈពេលជាង២ម៉ោងបន្ទាប់ពីមានសកម្មភាពនោះរួច ផ្នែកជំនាញចុះស្រាវជ្រាវចាប់បាន២នាក់ ។

កាបូបស្ពាយដែលបាត់បង់មាន៖ សម្ភារ, ខ្សែដៃមាស១ខ្សែ, ចិញ្ចៀនមាស១វង្ស, ក្រវិលផ្លាកទីន១គូនិងលុយខ្មែរចំនួន៦០ម៉ឺនរៀល។ ក្រោយឃាត់ខ្លួននិងសាកសួរ ជនសង្ស័យទាំង២នាក់ប្រាប់ថា ពួកគេមានគ្នាប្រហែល១០នាក់ទៀតបានឆក់កាបូប រួចយកគ្រឿងអលង្ការទៅលក់នៅផ្សារពោធិ៍ចិនតុងបានលុយ ១.៣០០ដុល្លារចែកគ្នា បានម្នាក់១០០ដុល្លារ។

ករណីនេះជំនាញកំពុងកសាងសំណុំរឿងបញ្ជូនបន្តនិងស្វែងរកចាប់បក្ខពួកយកមកផ្តន្ទាទោសតាមច្បាប់៕ដោយ៖វិចិត្រ