សន្ដិសុខសង្គម

ឃុំខ្លួនបុរសខ្មែរម្នាក់និងឡាវម្នាក់ ពីបទប្រើឧបករណ៍ឆក់ត្រីខុសច្បាប់

ស្ទឹងត្រែង៖តុលាការខេត្តស្ទឹងត្រែង ព្រឹកថ្ងៃទីថ្ងៃទី១៨ខែវិច្ឆិកា បានឃុំខ្លួនបុរសខ្មែរម្នាក់ និងឡាវម្នាក់ដាក់ក្នុងពន្ធនាគារបណ្ដោះអាសន្ន ពីបទប្រើឧបករណ៍ឆក់ត្រីខុសច្បាប់ ។

លោកយាម សាវុធ នាយផ្នែករដ្ឋបាលជលផលសេកុងបានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា នគរបាលប៉ុស្តិ៍អន្លង់ឈើទាលនិងនគរបាលការពារព្រំដែនលេខ៧០១ ឆ្មាំន្លេ បានចុះល្បាតនៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។កម្លាំងក៏ប្រទះឃើញទូកជនសង្ស័យដឹកត្រីមានទាំងអាគុយ១គ្រឿងនិងវត្ថុតាងរួមផ្សំបម្រើឱ្យបទល្មើសនេសាទមួយចំនួន។ពេលនោះសមត្ថកិច្ចក៏បានឃាត់សួរនាំនិងនាំជនសង្ស័យ ជាមួយឧបករណ៍ឆក់បញ្ជូនទៅរដ្ឋបាលជលផលខេត្ត។

ជនសង្ស័យឈ្មោះ មីណយ អាយុ២៥ឆ្នាំ ជនជាតិខ្មែរនៅភូមិកោះល្ង ស្រុកបុរីអូរស្វាយសែនជ័យ និងឈ្មោះម៉ៃ បួលៀន អាយុ ២៩ឆ្នាំជ នជាតិឡាវ នៅខេត្តចម្ប៉ាសាក់ប្រទេសឡាវ។វត្ថុតាងដកហូតទូកមួយគ្រឿង ម៉ាស៊ីនម៉ាកហុងដាកម្លាំង៦សេស១គ្រឿង និងអាគុយកម្លាំង ១២០អំពែរ១គ្រឿង៕ដោយ៖សុខុម