កីឡា

Ronaldo និយាយថា រូបគេប៊ិះនឹងបានចូលរួមជាមួយ Man City ទៅហើយ

ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លិប Manchester United បាននិយាយថា រូប​គេ​ជិតនឹងបាន​ចុះហត្ថលេខាជាមួយ​ក្លិប​គូប្រជែង​ស្លាប់​រស់ Manchester City កាលពីឆ្នាំមុនទៅ​ហើយ ប៉ុន្តែអតីតអ្នកចាត់ការ លោក Alex Ferguson បានសុំកុំ​ឱ្យ​រូប​គេ​ធ្វើ​ដូច្នោះ​។

កីឡាករ Ronaldo និយាយថា លោក Ferguson បានបញ្ចុះបញ្ចូលរូប​គេ​ឱ្យចូលរួមជាមួយក្រុម Man United ម្តងទៀត សម្រាប់​ពេល​វេលា​លើក​ទី ២ នៅ​ទឹក​ដី Old Trafford ​ នៅ​ពេល​រូប​គេ​ផ្ទេរ​​ពីក្លិប Juventus ក្នុងខែសីហា ឆ្នាំ២០២១ ជាមួយ​នឹង​កិច្ចសន្យារយៈពេល ២ឆ្នាំ វិល​មក​កាន់ក្លិប ដែល​រូប​គេ​បានឈ្នះពានរង្វាន់ធំៗចំនួន ៨ ចន្លោះ​ឆ្នាំ២០០៣-​២០០៩ ។

Ronaldo បានប្រាប់លោក Piers Morgan ក្នុង​កម្មវិធីទូរទស្សន៍ TalkTV ថា៖ «និយាយដោយ​ត្រង់ទៅ វាគឺជិត​នឹង​កើត​ឡើង​ហើយ។ វាជាអ្វីដែលពួកគេបាននិយាយច្រើន ហើយអ្នកចាត់ការទូទៅរបស់ក្រុម Manchester City លោក Pep Guardiola បាននិយាយកាលពី ២-៣​សប្តាហ៍មុនថា ពួកគេបានព្យាយាមយ៉ាងខ្លាំង ដើម្បីឱ្យ​ខ្ញុំ​បាន​ចូល​រួម​ជាមួយ​ក្លិប​»។

«ប៉ុន្តែដូចដែលអ្នកបានដឹងហើយថា ប្រវត្តិរឿង​រ៉ាវ​របស់ខ្ញុំ គឺនៅ Manchester United បេះដូង និងអារម្មណ៍ វា​ធ្វើ​ឱ្យមានភាពខុសប្លែក​គ្នា ហើយជាការពិតណាស់ គឺ​លោក Sir Alex Ferguson ។ ខ្ញុំភ្ញាក់ផ្អើល ប៉ុន្តែវាជាការសម្រេចចិត្តដោយមនសិការ។ ដោយសារតែចិត្ត​ខ្ញុំ​ត្រូវ​ការ ពិត​ជា​ត្រូវ​ការ​ខ្លាំង​ណាស់ ក្នុងពេលនោះ»។

រូប​គេ​​បាន​បន្ថែម​ថា អន្តរាគមន៍​របស់លោក​ Ferguson បាន​ជួយ​ឱ្យរូប​គេ​​សម្រេច​ចិត្ត​ចូល​រួម​ជាមួយក្លិប Man United ជាលើក​ទី​២។

យ៉ាង​ណា​ក្ដី ក្នុង​បទ​សម្ភាសន៍​មួយ​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ កីឡាករ Ronaldo បាន​និយាយ​ថា ក្រុម Man United បាន​ក្បត់​រូប​គេ ហើយ​ចោទ​ថា ​រូប​គេ​ត្រូវ​បាន​បង្ខំឱ្យ​ដើរ​​ចេញ​ពី​ក្លិប។ ក្លិប Man United បានឱ្យ​ដឹងកាលពីថ្ងៃចន្ទថា ពួកគេនឹងដោះស្រាយចំពោះ​ការលើកឡើងរបស់កីឡាករ Ronaldo នេះ​៕