ព័ត៌មានជាតិ

ប្រាសាទបន្ទាយក្តីជាសំណង់ប្រវត្តិសាស្ត្រ កសាងឡើងសម្រាប់ឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាននៅកម្ពុជា

សៀមរាប៖ ប្រាសាទបន្ទាយក្តីស្ថិតនៅក្នុងភូមិស្រះស្រង់ខាងត្បូង(ជាប់ប្រាសាទតាព្រហ្ម ជ្រុងអាគ្នេយ៍) ក្នុងដែនដីនៃសង្កាត់នគរធំ  ក្រុងសៀមរាប។

ប្រាសាទបន្ទាយក្តី កសាងឡើងនាកណ្តាលសតវត្សរ៍ទី១២ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧  ដើម្បីឧទ្ទិសដល់ព្រះលោកេស្វរៈនៃព្រះពុទ្ធសាសនាមហាយាន ក្នុងរចនាបទបាយ័ន។

លក្ខណៈនៃសំណង់ស្ថាបត្យកម្មរបស់ប្រាសាទនេះស្រដៀងគ្នានឹងប្រាសាទតាព្រហ្មនិងប្រាសាទព្រះខ័នដែរ។

មានកំពែងព័ទ្ធជុំវិញ សាងអំពីថ្មបាយក្រៀមចំនួនបីជាន់ ហើយមានខ្លោងទ្វារសាងអំពីថ្មភក់ បែរមុខ ទៅរកទិសខាងកើតនិងខាងលិចលើកលែងតែកំពែងទី១នៅខាងក្រៅ មានខ្លោងទ្វារចេញចូលចំនួនបួនទិសសំខាន់ៗទាំងបួន  ។

បច្ចុប្បន្ននេះដោយសារអាយុកាល​ ព្រមទាំងកត្តាផ្សេងៗជាច្រើនទៀតបានធ្វើឲ្យប្រាសាទ បន្ទាយក្តីដ៏ស្រស់ស្អាតនេះ មានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង ដូចជាថ្មពុកផុយ ថ្មក្រៀកចេញពីគ្នា ធ្វើឲ្យផ្នែកខ្លះនៃប្រាសាទត្រូវដួល រលំដែលទាមទារឲ្យមានការថែទាំ ជួសជុលសង្រ្គោះឡើងវិញជាបន្ទាន់។

កាលពីអំឡុងខែតុលាឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមដំណើរការជួសជុល ខ្លោងទ្វារចូលខាងលិចដែលមានសភាពទ្រុឌទ្រោមខ្លាំង ដែលគម្រោងនេះកំពុងបន្ត​នៅឡើយ។ប្រាសាទបន្ទាយក្តី បានបង្ហាញពីតម្លៃដ៏អស្ចារ្យផ្នែកស្ថាបត្យកម្ម បុរាណវិទ្យានិងប្រវត្តិសាស្ត្រមិនចាញ់ប្រាសាទល្បីៗក្នុងរមណីយដ្ឋានអង្គរឡើយ។ មិនតែប៉ុណ្ណោះ ប្រាសាទដ៏ល្អឯកនេះជាគោលដៅទេសចរណ៏ដ៏សំខាន់ ដែលកំពុងទទួលការអភិរក្សយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរអប្សរា៕