សេដ្ឋកិច្ច

៧ខែ កម្ពុជាប្រមូលពន្ធពីក្រុមហ៊ុនអន្តរជាតិបានជាង ៣០លានដុល្លារ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ក្នុងរយៈពេល៧ខែចាប់ពីខែមេសាដល់ខែតុលា ឆ្នាំ២០២២ កម្ពុជាបានប្រមូលចំណូល ពន្ធលើប្រតិបត្តិការ​ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ពីក្រុមហ៊ុនអន្តរជាតិ បានចំនួនជាង៣០លានដុល្លារ។ នេះបើ តាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ។

សេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែតុលានិងសម្រាប់រយៈពេល១០ ខែ ឆ្នាំ ២០២២ បាន បញ្ជាក់ថា ៖ក្នុងខែតុលា ឆ្នាំ២០២២ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ប្រមូលបាន ចំនួន ២២.២២ប៊ីលានរៀល(ប្រមាណ៥.៤៩​លាន​ដុល្លារ)និងសម្រាប់ខែមេសា-តុលាឆ្នាំ២០២២ រយៈពេល១០ខែឆ្នាំ២០២២សរុបចំនួន១២៩.៨ ០ ប៊ីលានរៀល (ប្រមាណ ៣២.០៥លានដុល្លារ)»។

សូមជម្រាបថា បន្ទាប់ពីត្រូវបានពន្យារពេលជាបន្តបន្ទាប់ ការអនុវត្តអាករលើតម្លៃបន្ថែម (VAT)ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាម​ប្រព័ន្ធ​​អេឡិចត្រូនិក (E-Commerce) បានចាប់ផ្តើមអនុវត្តជាផ្លូវការ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ និងមានក្រុមហ៊ុនអនិវាសនជន​ធំៗ​ចំនួន​៤១ បានមកចុះបញ្ជីអាករលើតម្លៃបន្ថែម ហើយបានប្រកាសបង់ពន្ធ ដែលទទួលបានលទ្ធផលប្រមូលចំណូលពន្ធជាវិជ្ជមានគួរ​ឱ្យ​កត់សម្គាល់។ក្រុមហ៊ុនធំៗទាំងនោះមានដូចជាFacebook, Google, Netflix,Microsoft, Tik Tok ជាដើម។ការអនុវត្តអាករ​លើ​តម្លៃ​បន្ថែម (VAT) ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មិនមែនជាការបង្កើតពន្ធថ្មីនោះទេ។

អាករលើតម្លៃបន្ថែម (VAT) គឺជាពន្ធត្រូវបានប្រមូលលើផលិតផល ឬសេវាគ្រប់ភេទរួចហើយ ក្នុងច្បាប់សារពើពន្ធ ប៉ុន្តែកន្លងទៅ​ការធ្វើ​ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកអត់ទាន់មានច្បាប់តែនៅឆ្នាំ២០១៩ ច្បាប់ ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបាន​អនុម័ត ដូច្នេះតាមរយៈច្បាប់នេះ មានការកំណត់និយមន័យ ពីសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ទើបធ្វើការសម្រួលពន្ធ VAT ដែលយើងបានអនុវត្តរួចនោះ លើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនេះដែរ ទើបមានការយល់ច្រឡំថា រាជរដ្ឋាភិបាលបង្កើតពន្ធ​ថ្មី ប៉ុន្តែមិនមែនទេ គឺជាពន្ធដែលយើងមានស្រាប់។

អនុក្រឹត្យស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះមានវិសាលភាពគ្របដណ្តប់លើក្រុមហ៊ុន    ​បរ​ទេ​ស​​ដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍ (ទីតាំងស្នាក់ការ) នៅក្នុងប្រទេសកម្ពុជា។ ឧទាហរណ៍ដូចជាក្រុមហ៊ុនណាមួយ ដែលមិនមាន​ទីតាំងក្រុមហ៊ុនរបស់ខ្លួននៅកម្ពុជាប៉ុន្តែក្រុមហ៊ុននោះមានអតិថិជនរបស់ខ្លួននៅកម្ពុជាដូច្នេះអនុក្រឹត្យថ្មីនេះមានវិសាលភាព​គ្របដណ្តប់​ទៅលើយក្រុមហ៊ុនប្រភេទនេះ។ នៅពេលអតិថិជនក្នុងស្រុកទិញសេវា ឬផលិតឌីជីថល ពីក្រុមហ៊ុនដែលមិនមានទីតាំងក្នុងស្រុកខ្មែរ ក្រុមហ៊ុននោះត្រូវកាត់ទុក VAT ចំនួន១០%៕ដោយៈសិរីមតី