កីឡា

អាហ្សង់ទីន បន្តដំណើរមិនចាញ់ ជាមួយនឹងជ័យជម្នះ ៥-០ លើអេមីរ៉ាតអារ៉ាប់រួម

ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន បាន​ធ្វើ​ការ​ប្រកួត​សម​ជើង​ ដើម្បី​ត្រៀម​សម្រាប់ព្រឹត្តិការណ៍ World Cup ដោយ​​ការយក​ឈ្នះ​​ក្រុមអេមីរ៉ាតអារ៉ាប់រួម ក្នុង​លទ្ធផល ៥-០ នៅទីក្រុង Abu Dhabi កាលពីថ្ងៃពុធ ខណៈ​ដែល​គ្រាប់​បាល់ ២គ្រាប់​ពីខ្សែប្រយុទ្ធ Angel Di Maria និងម្នាក់ ១គ្រាប់​ពី​កីឡាករ Julian Alvarez, Lionel Messi និង Joaquin Correa បានបន្លាយ​ដំណើរផ្លូវ​មិនចាញ់សោះ​របស់ក្រុម​ពពក​សដល់ចំនួន ៣៦ហ្គេម។

នៅ​ចំពោះ​មុខ​ក្រុម​អ្នក​ទស្សនា ក្នុងកីឡដ្ឋាន Mohammad Bin Zayed ក្រុម​អាហ្សង់ទីនបានធ្វើ​ការ​នាំមុខ នៅពេលដែលស៊ុតបភើស្តារ Messi ទទួល​បាល់​ពី​កីឡាករ Di Maria ហើយមាន​តែ​អ្នកចាំទីម្នាក់​ប៉ុណ្ណោះ ដែល​រូប​គេ​ត្រូវ​ប្រឈម​ជាមួយ តែ​ដោយ​សារ​មិន​មាន​ភាព​អាត្មានិយម ក៏​​បាន​បញ្ជូន​បាល់​ឱ្យ​កីឡាករ Alvarez ទម្លុះ​សំណាញ់ទី ដែល​ជា​​គ្រាប់បាល់អន្តរជាតិទី៣ នៅនាទីទី១៧។

កីឡាករ Di Maria បន្ថែម​ការ​នាំមុខឱ្យ​ក្រុមអាហ្សង់ទីន នៅ​ ៨​នាទីក្រោយ ជាមួយនឹងការ​ស៊ុតបាល់​ក្នុង​លម្ហ​យ៉ាងអស្ចារ្យ បន្ទាប់ពីកីឡាករ Marcos Acuna បញ្ចូន​បាល់​ចូល​តំបន់​គ្រោះថ្នាក់ពី​ស្លាបខាងឆ្វេង ហើយ​​ខ្សែប្រយុទ្ធ ដែលបាន​ប្រឹង​ជម្នះជាមួយ​នឹង​របួសសរសៃពួរ កាលពីខែមុន ដើម្បីមានឈ្មោះក្នុងក្រុមរបស់អ្នកចាត់ការ លោក Lionel Scaloni ធ្វើ​បាន​សម្រេច​គ្រាប់​ទី ២ របស់​ខ្លួន នៅ​នាទីទី៣៦។

កីឡាករ Messi បាន​ចូល​រួមចំណែក​​ក្នុង​ភាព​រីក​រាយ​នេះ នៅ​ ១​នាទី​មុន​ចប់​វគ្គ​ទី​១ ​ដោយ​ការ​ស៊ុត​បាល់​បាល់​តម្រង់​​ជ្រុង​ ៩០​ដឺក្រេយ៉ាង​ស្អាត ហើយ​​កីឡាករ​បម្រុង Correa បង្ហើយ​គ្រាប់​ចុង​ក្រោយ នៅ​នាទី​ទី​៦០ ខណៈ​ដែល​អតីត​ក្រុម​ជើង​ឯក​ World Cup ២ដង បង្ហាញ​ភាព​រឹង​មាំ​របស់​ខ្លួន មុន​ព្រឹត្តិការណ៍​ដ៏ធំ​ កើតឡើង នៅ​ ៣ថ្ងៃ​ខាង​មុខ​​។

ក្រុម​អាហ្សង់ទីន ដែលនឹងត្រឡប់ទៅប្រទេស​កាតាវិញ នៅថ្ងៃព្រហស្បតិ៍នេះ ត្រូវប៉ះជាមួយ​ក្រុមអារ៉ាប៊ីសាអូឌីត ក្នុងការប្រកួតបើកឆាករបស់ពួកគេ នៅថ្ងៃទី២២ ខែវិច្ឆិកា មុនពេលប្រកួតតទល់​ជាមួយ​ក្រុម​ម៉ិកស៊ិក និងប៉ូឡូញជាបន្តបន្ទាប់ ក្នុងពូល C៕