អន្តរជាតិ

អាម៉េរិកវាយតម្លៃថា អ៊ុយក្រែននឹងមិនងាយបានឈ្នះរុស្ស៊ីទាំងស្រុងទេ

សហរដ្ឋអាម៉េរិកវាយតម្លៃថា អ៊ុយក្រែននឹងមិនងាយឆាប់បានយកឈ្នះរុស្ស៊ី​ទាំងស្រុងក្នុងសង្រ្គាមឡើយ ព្រោះទ័ពរុស្ស៊ីនៅតែមានវត្តមានច្រើននៅភាគខាងកើត និងខាងត្បូង។

ប្រធានអគ្គសេនាធិការចម្រុះអាម៉េរិក លោក Mark Milley បានបញ្ចេញការវាយតម្លៃរបស់​លោកយ៉ាងដូច្នេះ កាលពីថ្ងៃពុធទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ អ៊ុយក្រែនទំនងជាមិនអាច​ទទួលបានជ័យជម្នះផ្នែកយោធាណាមួយក្នុងពេលឆាប់ៗនេះទេ ដោយសារកងទ័ពរុស្ស៊ី​នៅតែបន្ត​ឈរជើងនៅក្នុងទឹកដីដ៏ធំនៅភាគខាងកើត និងភាគខាងត្បូងនៃប្រទេស។ លោកបានមានប្រសាសន៍បន្តថា “ភារកិច្ចក្នុងការបណ្តេញទាហានរុស្ស៊ីចេញពីអ៊ុយក្រែន គឺជាការងារដ៏លំបាកមួយ ហើយវានឹងមិនអាចធ្វើឡើងទៅបាននៅប៉ុន្មាន​សប្តាហ៍ខាងមុខនេះទេ លុះត្រាតែកងទ័ពរុស្ស៊ីដួលរលំទាំងស្រុងដោយខ្លួនឯង តែយ៉ាងណាវានឹងមិនអាចទៅរួចបែបនេះឡើយ”។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាន លោក Milley បានចង្អុលបង្ហាញថា នៅពេលដែលប្រតិបត្តិការយុទ្ធសាស្ត្របានថយចុះក្នុងអំឡុងរដូវ រងា យោធារុស្ស៊ីនឹងរងផលប៉ះពាល់ខ្លាំង “ឈឺចាប់ខ្លាំង” ដូច្នេះឱកាសនៃដំណោះស្រាយ​នយោបាយចេញពីរុស្ស៊ីអាចនឹងកើតឡើង។ បើទោះជាអ៊ុយក្រែនពិបាកយ៉ាងណាក៏ដោយ សហរដ្ឋអាម៉េរិកនឹងមិនឈរឱបដៃមើលទេ អាម៉េរិកនឹងផ្តល់ជំនួយតាមដែលពួកគេ​ត្រូវការ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា