អន្តរជាតិ

អាម៉េរិកនិងសម្ព័ន្ធមិត្តសម្រុកពន្លះរុស្ស៊ីនៅអង្គការសហប្រជាជាតិរឿងមីស៊ីលធ្លាក់នៅប៉ូឡូញ

សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត បានរួមដៃគ្នាពន្លះរុស្ស៊ីយ៉ាងខ្លាំងនៅក្នុងអំឡុងកិច្ចប្រជុំ​ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ទាក់ទងនឹងរឿងមីស៊ីលធ្លាក់នៅប៉ូឡូញ។

ទោះបីជាការស៊ើបអង្កេតរកឃើញជាបឋមថាអ៊ុយក្រែនជាអ្នកបាញ់មីស៊ីលចូលទឹកដី  ប៉ូឡូញក៏ដោយ ក៏ក្រុមប្រឹក្សាអង្គការសហប្រជាជាតិដែលបានបើកកិច្ចប្រជុំនៅ​ថ្ងៃព្រហស្បតិ៍នេះនៅតែបានសម្រុកនាំគ្នារិះគន់រុស្ស៊ីយ៉ាងខ្លាំងចំពោះការបង្ករឿងដើម  ហេតុ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា “ខណៈពេលដែលយើងមិនទាន់ដឹង​ការពិតទាំងស្រុង តែយើងក៏ដឹងរឿងមួយរួចទៅហើយ”។ លោកស្រីបន្តថា រឿងនោះគឺថា​រុស្ស៊ីជាអ្នកខុស។ សោកនាដកម្មបែបនេះមិនដែលកើតពីមុនមកទេ បើរុស្ស៊ីមិនបាញ់​អ៊ុយក្រែន មិនឈ្លានពានអ៊ុយក្រែន វាក៏គ្មានរឿងបែបនេះដែរ។ ដោយបានលើកឡើងពី​ហេតុផលផ្លូវច្បាប់ថា អ៊ុយក្រែនមិនខុសទេ ពួកគេមានសិទ្ធិស្ទាក់ចាប់ និងប្រើប្រាស់​របាំងការពារដែនអាកាស។

ឯកអគ្គរដ្ឋទូត​របស់​ប៉ូឡូញផ្ទាល់ និង​ចក្រភព​អង់គ្លេស​បាន​បន្ទរ​សេចក្តីថ្លែងការណ៍​ថា ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​ទីបំផុត​ត្រូវ​ស្តីបន្ទោស​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​ក្នុង​ប្រទេស​ប៉ូឡូញ។ សេចក្តីរិះគន់សង្ខេបដោយអគ្គលេខាធិការរងអង្គការសហប្រជាជាតិ​បានលើកឡើងថា រុស្ស៊ីបានបង្កវិនាសកម្មដោយការទម្លាក់គ្រាប់បែកខ្លាំងបំផុតនៅ    សប្តាហ៍នេះ ចាប់តាំងពីការឈ្លានពាននៅថ្ងៃទី ២៤ ខែកុម្ភៈ។

ឆ្លើយតបតឹងសរសៃកទៅវិញ​ រុស្ស៊ីបានស្តីបន្ទោសអ៊ុយក្រែន និងប៉ូឡូញពីការ​ញុះញង់​សង្រ្គាមណាតូនិងរុស្ស៊ី ហើយថាអ៊ុយក្រែននិងប៉ូឡូញទើបជាអ្នកទទួលខុសត្រូវ​ពិតប្រាកដ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា