សន្ដិសុខសង្គម

អាចមកពីមានវិបត្តិគ្រួសារបែកបាក់ ទៅចងកសម្លាប់ខ្លួនលើមែកឈើ

ស្វាយរៀង៖បុរសម្នាក់ទំនងមកពីមានវិបត្តិក្នុងគ្រួសារបែកបាក់ប្រពន្ធកូន ក៏បានសម្រេចចិត្ត ទៅចងកសម្លាប់ខ្លួននៅលើមែកឈើ បង្កការភា្ញក់ផ្អើលយ៉ាងខ្លាំងកណ្តាលយប់។

ករណីមនុស្សធ្វើអត្តឃាតនេះ បានកើតឡើងក្នុងភូមិទួលអង្គប់ ឃុំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា។ មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា អត្តឃាតជនឈ្មោះកង សាង អាយុ៣៥ឆ្នាំ ជាកម្មករសំណង់ នៅភូមិបាទី ឃុំបាទី ស្រុកពាមជរ ខេត្តព្រៃវែង។

ក្រោយពីមានហេតុការណ៍នោះភ្លាម នគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល និងគ្រូពេទ្យបានចុះទៅពិនិត្យដោយឃើញពិតជាចងកប្រាកដមែន។ជនធ្វើអត្តឃាត បានយកកន្សែងចងកភ្ជាប់នឹងមែកឈើខាងក្រោយការដ្ឋានសំណង់មួយ ដោយមិនមានស្លាកស្នាមអ្វីពាក់ព័ន្ធករណីឃាតកម្មឡើយ។

អ្នកនៅជិតខាងបានឱ្យដឹងថា បុរសខាងលើនេះទើបលែងលះបែកបាក់ប្រពន្ធកូន សង្ស័យមានវិបត្តិផ្លូវចិត្ត ហើយគិតខ្លីក៏សម្រេចចិត្តធ្វើបែបនេះតែម្ដង៕ដោយ៖វិចិត្រ