សន្ដិសុខសង្គម

ហ្វូងស្វាបានខាំបង្កឱ្យរបួសដល់អ្នកដំណើរ-សិស្ស និងបន្តការភ័យខ្លាច

ភ្នំពេញ៖ហ្វូងសត្វស្វាបានដេញខាំបង្ករបួសស្នាមដល់អ្នកដំណើរ សិស្សនិងកំពុងបន្តការ​ភ័យខ្លាច​អុកឡុកដោយស្ទាក់ពលរដ្ឋឆ្លងកាត់លើស្ពានអាកាសថ្មើរជើងនៅម្តុំស្តុបសន្ធរម៉ុក។

អ្នករស់នៅជិតទីនោះបានឱ្យដឹងកាលពីថ្ងៃទី១៦ ខែវិច្ឆិកាថា មានហ្វូងសត្វ​ស្វា​ចំនួន៤-៥ក្បាលសង្ស័យមកពីតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ហើយ​បន្តទៅតំបន់មួយចំនួនទៀតក្នុងរាជធានីភ្នំពេញ។ហ្វូងស្វានោះបានដេញខាំបង្ករបួសស្នាមដល់​សិស្សានុសិស្សនិងអ្នកដំណើរ​ជាច្រើននាក់កន្លងមកខណៈឆ្លងកាត់លើស្ពានអាកាសថ្មើរជើងស្តុបសន្ធរម៉ុក បណ្ដាលឱ្យរងរបួស​ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ករណីការភ័យខ្លាចនោះ ក៏មានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធឱ្យចាត់វិធានការ​ចាប់ហ្វូងស្វាទាំងនោះយកទៅដាក់នៅតាមសួនសត្វនានា ដើម្បីរក្សាការពារ​សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

ជុំវិញករណីខាង មន្ត្រីអាជ្ញាធរខណ្ឌទួលគោកបានឱ្យដឹងកាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកាថា មន្ត្រីមូលដ្ឋានបានជូនដំណឹងនេះទៅផ្នែកជំនាញរដ្ឋបាលព្រៃឈើរួចហើយ ដោយសន្យាថា​នឹងចុះមកចាប់យកសត្វស្វាទាំងនោះទៅដាក់ក្នុងសួនសត្វភ្នំតាម៉ៅ៕ដោយ៖វិចិត្រ