អន្តរជាតិ

សាធារណរដ្ឋឆេកប្រកាសបណ្តុះបណ្តាលទាហានអ៊ុយក្រែន ៤០០០នាក់

សាធារណរដ្ឋឆេក ប្រកាសបណ្តុះបណ្តាលទាហានអ៊ុយក្រែនចំនួន ៤០០០នាក់នៅ​ឆ្នាំ២០២៣ ដើម្បីអាចមានសមត្ថភាពខ្ពស់ទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។

បើតាមរដ្ឋមន្ត្រីការពារជាតិឆេក លោកស្រី Jana Cernochova ការបណ្តុះបណ្តាលគឺនឹងធ្វើឡើងសម្រាប់ឆ្នាំ២០២៣ ក្នុងរយៈពេលប្រាំបួនសប្តាហ៍ ដោយនឹងមានទាហានឆេករហូតដល់ ៨០០នាក់ចូលរួម។ ក្នុងនោះឆេកនឹងបញ្ជូនអ្នកជំនាញ ៥៥ នាក់ ដែលជាគ្រូបង្រៀន ឬសមាជិកនៃរចនាសម្ព័ន្ធបញ្ជានៃបេសកកម្មបណ្តុះបណ្តាលសហភាពអឺរ៉ុប ដែលបានគ្រោងទុកនៅក្នុងរដ្ឋសមាជិកសហភាពអឺរ៉ុបផ្សេងទៀត។ ទាក់ទងនឹងការហ្វឹកហាត់ អ៊ុយក្រែនផ្ទាល់បានបង្ហាញពីចំណាប់អារម្មណ៍​ក្នុងចង់រៀនពីការបណ្តុះ បណ្តាលកងវរសេនាតូចមេកានិចជាចម្បង ព្រមទាំងក្រុមគ្រូពេទ្យ វិស្វកម្ម និងកងទ័ពគីមីផងដែរ។ រាល់ការចំណាយនៃគម្រោងនេះ លោកស្រីបញ្ជាក់ថា ឆេកនឹងរ៉ាប់រងទាំងអស់នៃថវិកាសរុប ៤១,៦លានដុល្លារ។

ចំពោះកាលបរិច្ឆេទនៅមិនទាន់ដឹងនៅឡើយទេ ខណៈផ្នែកទាំងអស់គឺតម្រូវឆ្លងកាត់​សភាឆេក​ជាមុនសិន។ ចាប់តាំងពីសង្រ្គាមមក សាធារណរដ្ឋឆេកបានគាំទ្រអ៊ុយក្រែន​យ៉ាងខ្លាំង ដោយបានបញ្ជូនទាំងអាវុធធុនស្រាល និងធុនធ្ងន់ និងគ្រាប់រំសេវ។ ឆេកគឺជាសមាជិកណាតូដំបូងគេបង្អស់ដែលបានបញ្ជូនរថក្រោះដល់អ៊ុយក្រែន៕

ប្រភព៖ SKYNEWS

ប្រភពរូប៖SKYNEWS
ប្រែសម្រួល៖សុខ តុលា