សេដ្ឋកិច្ច

រយ​:​ពេល​១០​ខែ​ឆ្នាំ​២០២២ ខេត្តកំពត​ទទួលភ្ញៀវ​បាន​ជាង​១​លាន​៥​សែន​នាក់

កំពត​៖​រយ​:​ពេល​១០​ខែ​នៃ​ឆ្នាំ​២០២២​ភ្ញៀវទេសចរ​ប្រមាណ​ជាង​១​លាន​៥​សែន​នាក់​បាន​ចូលមក​លម្ហែ​កម្សាន្ត​និង​ស្នាក់អាស្រ័យ​ក្នុង​ខេត្ត កំពត​។​ជា​ក្តី​រំពឹង​បរិមាណ​ភ្ញៀវ​នឹង​បន្ត​កើនឡើង​ដែល​អាច​ប្រហាក់ប្រហែល ឬ​ច្រើនជាង​ពេល​មិនទាន់មាន​វិបត្តិ​កូ​វីដ​-១៩​។ នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​។​

​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បាន​ប្រាប់​ឲ្យ​ដឹងថា ក្រោយពេល​បើក​ប្រទេស​ឡើងវិញ ចំនួន​ភ្ញៀវទេសចរ​ចូល មក​ខេត្តកំពត​ចាប់ផ្តើម​កើន​ឡើងជា​បន្តបន្ទាប់​។ រយៈពេល​១០​ខែ​ក្នុង​ឆ្នាំ​២០២២​កន្លងទៅនេះ ខេត្តកំពត​បានទទួល​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចំនួន​១.៥៣៣.៩៤០​នាក់​។​តួលេខ​នេះ​បាន​កើនឡើង​១០៧,១៧​ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២១​ដែលមាន​ភ្ញៀវ​ចំនួន​៧៤០.៣៩៥​នាក់​។​ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​១.៤៩៤.២០២​នាក់ និង​ទេសចរ​បរទេស​ចំនូ​ន​៣៩.៧៣៨​នាក់​។​

លោក​ប្រធាន​មន្ទីរ​បាន​ព្យាករ​ថា​ចំនួន​ភ្ញៀវ​នឹង​បន្ត​កើនឡើង​ដោយសារ​កិច្ចប្រឹងប្រែង​អភិវឌ្ឍន៍​ពី​សំណាក់​រាជរដ្ឋាភិបាល​ផ្អែកលើ​កត្តា​សុខ សន្តិភាព​ដែល​នាំមក​នូវ​ភាព​សុខដុម​រម្យ​នា​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ការខិតខំរ​បស់​ក្រសួងទេសចរណ៍​ក្នុងការ​ផ្សព្វផ្សាយ​សមិទ្ធ​ផល​ទាំងឡាយ​ឆ្ពោះទៅកាន់​ឆាក​អន្តរជាតិ​ពិសេស​តាមរយៈ​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​នោះ​។

​លោក គឹម សាន អ្នក​គ្រប់​គ្រង់​ទូទៅ​នៃ​ម៉ូ​លី​រី​ស៊​ត​ មាន​ទីតាំង​ក្នុង​ក្រុង​កំពត ​បាន​ប្រាប់​ឲ្យ​ដឹងថា¶ចាប់តាំងពី​បើក​ដំណើរការ​សេដ្ឋកិច្ច​ប្រទេស ឡើងវិញ​ចំនួន​ភ្ញៀវ​មានការ​កើនឡើង ពោលគឺ​បាន​វិលត្រឡប់​មករក​ប្រក្រតីភាព​ដូច​មុន​។ លោក​សង្ឃឹមថា​ចំនួន​ភ្ញៀវទេសចរ​នឹង​បន្ត​កើនឡើង​ទ្វេដង​នៅ​ឆ្នាំ​២០២៣ ព្រោះ​ស្ថានភាព​កូ​វីដ​-១៩ មាន​ភាពល្អប្រសើរ ខណ​:​សមិទ្ធផល​ទេសចរណ៍​ក្នុង​ខេត្ត​ក៏​ចាប់ផ្តើម​បើក​ដំណើរការ​ផ្សព្វ​ផ្សាយបាន​ទូលំទូលាយ​។​

​សូមបញ្ជាក់ថា​ភ្ញៀវទេសចរ​ដែល​បាន​ចូលមក​កម្សាន្ត​ក្នុង​ខេត្តកំពត​កាលពី​ឆ្នាំ​២០១៨​មាន​ជាង​១.៦២០.០០០​នាក់ និង​ឆ្នាំ​២០១៩ ប្រមាណ​ជាង​១.៦៦០.០០០​នាក់​៕​