អន្តរជាតិ

របបយោធាមីយ៉ាន់ម៉ាថ្ងៃនេះដោះលែងអ្នកទោស៦.០០០នាក់

របបយោធាមីយ៉ាន់ម៉ានៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសដោះលែងអ្នកទោសចំនួន ៦.០០០នាក់ ដោយរួមមានទាំងអ្នកទោសបរទេសល្បីៗចំនួន៤នាក់ផងដែរ។

នេះបើតាមអ្នកនាំពាក្យយោធា លោកឧត្តមសេនីយ៍ទោ Zaw Min Tun បានថ្លែងប្រាប់ ប្រភព Voice of Myanmar និង Yangon Media Group នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ក្នុងចំណោមអ្នកទោស៦០០០នាក់ដែលត្រូវបានដោះលែងដើម្បីប្រារព្ធទិវាបុណ្យជាតិមីយ៉ាន់ម៉ា ក្នុងនោះក៏រួមមានអ្នកទោសបរទេសចំនួន៤នាក់ដែរ។ ម្នាក់គឺជាអតីតឯកអគ្គរដ្ឋ​ទូតអង់គ្លេស លោកស្រី Vicky Bowman ទីពីរជាទីប្រឹក្សាសេដ្ឋកិច្ចអូស្ត្រាលី លោក Sean Turnell និងអ្នកកាសែត ផលិតករភាពយន្តជប៉ុន លោក Toru Kubota ដែលជាប់ទោសពី​បទថ​តវីដេអូបាតុកម្ម និងទី ៤ គឺលោកKyaw Htay Oo ដែលជាអ្នករុក្ខសាស្ត្រសញ្ជាតិ​អាម៉េរិក។  ក្នុងការសួរនាំបន្ថែមពីការដោះលែង អ្នកនាំពាក្យបដិសេធមិនធ្វើអត្ថាធិប្បាយ​លម្អិតនោះទេ។

យោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ ដែលជាក្រុមឃ្លាំមើលមាន​មូលដ្ឋាន​នៅក្នុងប្រទេសថៃ ចាប់តាំងពីមានរដ្ឋប្រហារយោធាមក ជនស៊ីវិលជាង ២.៣០០ នាក់បានស្លាប់ មនុស្សយ៉ាងហោចណាស់ ១៥.៧០០នាក់ត្រូវបានចាប់ខ្លួន  ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយចំនួន ​១២​ ត្រូវបាន​បិទ​ ដែលមាន​អ្នក​កាសែតសរុប​ប្រហែល​១៤២​នាក់ ​ក្នុង​នោះ​៥៧​នាក់​កំពុង​ជាប់​ពន្ធនាគារ៕

ប្រភព៖ Myanmar Now

ប្រភពរូប៖Myanmar Now
ប្រែសម្រួល៖សុខ តុលា