កីឡា

យន្តហោះរបស់ក្រុមការពារជើងឯក World Cup ចុះចតនៅទឹកដីរបស់កាតាហើយ

កង់​យន្ត​ហោះ​ ដែល​ដឹក​កីឡាករ​របស់​​ក្រុម​ម្ចាស់ជើងឯកពិភពលោកចាស់​បារាំង បាន​​ប៉ះ​ដី​របស់​ប្រទេសកាតាហើយ កាលពីថ្ងៃពុធ ខណៈដែលក្រុម​ខ្លាំង​ពី​អឺរ៉ុប​មួយ​នេះ ប្រឹង​ប្រែង ដើម្បី​ក្លាយជាក្រុមដំបូងគេ ដែលអាចរក្សា​ពាន​រង្វាន់ ក្នុង​ព្រឹត្តិការណ៍ World Cup គិត​ចាប់តាំងពីក្រុមប្រេស៊ីល ធ្វើ​បាន​សម្រេច កាល​ពី​ឆ្នាំ១៩៦២។

ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លិប Paris Saint-Germain គឺជាកីឡាករដំបូងគេ ដែលចុះពីលើយន្តហោះ។ សមាជិកចំនួន ១០​នាក់នៃក្រុម ដែលបាន​ឈ្នះពានរង្វាន់ ក្នុងឆ្នាំ២០១៨ បាន​ត្រឡប់មកទាំងអស់ ក្នុង​នោះ​រួមមាន កីឡាករ Mbappe ប្រធានក្រុម Hugo Lloris និងខ្សែប្រយុទ្ធ Antoine Griezmann។

ប៉ុន្តែក្រុមការពារតំណែងជើងឯក ដែលស្ថិត​នៅ​ក្នុង​ពូល​ D ជាមួយ​ក្រុមអូស្ត្រាលី ដាណឺម៉ាក និងទុយនេស៊ី មិន​មាន​ខ្សែបម្រើដ៏​សំខាន់ទាំង ២ Paul Pogba និង N’Golo Kante ទេ។

ម្ចាស់ពានរង្វាន់ឯកត្តជន Ballon d’Or គឺខ្សែប្រយុទ្ធ Karim Benzema ដែលបានខកខានការប្រកួតជាបន្តបន្ទាប់ សម្រាប់ក្រុម Real Madrid ក្នុងរដូវកាលនេះ ដោយសារតែរបួសនោះ នឹងត្រូវបង្ហាញខ្លួន ក្នុង​ព្រឹត្តិការណ៍ World Cup ជាលើកដំបូង គិត​ចាប់តាំងពីឆ្នាំ២០១៤ មក​៕