សន្ដិសុខសង្គម

នាំជនសង្ស័យរំលោភក្មួយស្រីអាយុ១២ឆ្នាំ មានផ្ទៃពោះ៧ខែទៅតុលាការ

ភ្នំពេញ​៖​សមត្ថកិច្ចបានចាប់បុរសម្នាក់សង្ស័យរំលោភសេពសន្ថវៈក្មួយស្រី​អាយុ១២ឆ្នាំរហូតមានផ្ទៃពោះ៧ខែ ទើបបែកធ្លាយដល់ក្រុមគ្រួសារ។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ការចាប់បុរសខាងលើបានធ្វើឡើងនៅសង្កាត់កោះដាច់​ ខណ្ឌជ្រោយចង្វា កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា។ ជនសង្ស័យឈ្មោះ ផាន កុសល អាយុ៣៩ឆ្នាំនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។កាលពីក្នុងអំឡុងឆ្នាំ២០១៧ ក្មេងស្រីរងគ្រោះត្រូវជនសង្ស័យលួងលោមនាំយកទៅរំលោភនៅផ្ទះទុកចោលមួយកន្លែងក្នុងភូមិកោះដាច់ រហូតបានសម្រេច ហើយជនសង្ស័យបានគំរាមមិនឱ្យប្រាប់អ្នក​ណាដឹង​ពីរឿងនេះទេ។

ក្មេងស្រីរងគ្រោះដោយមានការភ័យខ្លាចក៏ធ្វើតាមជនសង្ស័យ មិនហ៊ានប្រាប់នរណា​ឡើយ។ប្រមាណកន្លះខែឬមួយខែ ជនសង្ស័យតែងនាំនាងយកទៅរំលោភជាបន្តបន្ទាប់​រហូតមកដល់ពេលនេះក្មេងស្រីរងគ្រោះមានផ្ទៃពោះចំនួន៧ខែហើយ។

នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ក៏បែកធ្លាយរឿងដឹងដល់ក្រុមគ្រួសារ ទើបទៅប្តឹងនៅប៉ុស្តិ៍​នរគបាលរដ្ឋបាលកោះដាច់។បន្ទាប់ពីបានទទួលបណ្តឹង សមត្ថកិច្ចបានចុះចាប់​ជនសង្ស័យយកមក កសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ដោយ៖វិចិត្រ