អន្តរជាតិ

ណាតូថាអ៊ុយក្រែនគ្មានកំហុសទេជុំវិញរឿងមីស៊ីលធ្លាក់លើដីប៉ូឡូញ

មេដឹកនាំអង្គការណាតូ លោក Jens Stoltenberg បានគូសបញ្ជាក់ក្នុងរបាយការណ៍បឋម​ជុំវិញមីស៊ីលដែលបានធ្លាក់លើទឹកដីប៉ូឡូញ ថាមិនមែនជាកំហុសអ៊ុយក្រែនទេ។

នៅក្នុងរបាយការណ៍បឋមក្រោយការស៊ើបអង្កេតយ៉ាងហ្មត់ចត់ដោយប្រទេសណាតូ  ក៏ដូចជាសម្ព័ន្ធមិត្តលោកខាងលិចជាច្រើនទៀតចាប់តាំងពីថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លទ្ធផលត្រូវបានលាតត្រដាងថា មីស៊ីលរុស្ស៊ីដែលបានធ្លាក់ចំភូមិមួយភាគខាងកើត​ទឹកដីប៉ូឡូញ​ជាប់នឹងអ៊ុយក្រែនសម្លាប់មនុស្ស២នាក់នោះ គឺទំនងជាត្រូវបានបាញ់ដោយ​ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនក្នុងអំឡុងបាញ់ទប់កាំជ្រួចប្រឆាំងនាវារុស្ស៊ី។ ថ្លែងទៅកាន់អ្នកសារព័ត៌មានថ្ងៃដដែល លោក Stoltenberg បាននិយាយបែបនេះ។ លោក​បាន​បន្ត​ថា​៖ “យើងមិនបន្ទោសអ៊ុយក្រែនទេ នេះ​មិន​មែន​ជា​កំហុស​របស់​អ៊ុយក្រែន​ឡើយ។ “រុស្ស៊ី​ទៅវិញទេដែលត្រូវទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត ព្រោះ​ខ្លួនបាន​បន្ត​សង្គ្រាម​ខុស​ច្បាប់​ប្រឆាំង​នឹង​អ៊ុយក្រែន”។

យ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គីបានច្រានចោលយ៉ាងដាច់​អហង្ការចំពោះព័ត៌មាននេះ។ លោកស្គីថា លោកជឿជាក់យ៉ាងច្បាស់ដោយផ្អែកលើរបាយ​ការណ៍កងកម្លាំងអ៊ុយក្រែនផ្តល់ឲ្យជារៀងរាល់ម៉ោង មីស៊ីលនោះមិនមែនចេញពីខាង​អ៊ុយក្រែនទេ។ អ៊ុយក្រែនគួរត្រូវបានផ្តល់សិទ្ធិឲ្យចូលទៅកាន់កន្លែងកើតហេតុ​នោះយូរមកហើយ។ ជាចុងក្រោយ លោកស្គីសុំសិទ្ធិភាគីពាក់ព័ន្ធដើម្បីចូលទៅ​ស៊ើបអង្កេតដោយខ្លួនឯង៕

ប្រភព៖ SKYNEWS

ប្រភពរូប៖SKYNEWS
ប្រែសម្រួល៖សុខ តុលា