សន្ដិសុខសង្គម

ជនបរទេសម្នាក់បើករថយន្តបុកជាមួយម៉ូតូ បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ​៖ជនបរទេសម្នាក់បានបើករថយន្តម៉ាក Nissan Frontier បុកជាមួយម៉ូតូហុងដាឌ្រីម ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង បណ្ដាលឱ្យបុរសខាងម៉ូតូរងរបួសធ្ងន់។គ្រោះថ្នាក់ចរាចរ​នេះបានកើតឡើងនៅតាម​​ផ្លូវ​លេខ៦០៨​ ​ក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌ​ទួលគោក​ ​កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា។

សាក្សីបានឱ្យដឹងថា​ មុនកើតហេតុមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​ ផ្លាកលេខ​កំពង់ចាម​ 1K-6127​ តាមផ្លូវលេខ៦០៨ ​ពីកើតទៅលិច​ក្នុងល្បឿនលឿន។

មកដល់កន្លែងខាងលើ ស្រាប់តែមានរថយន្តម៉ាក​ Nissan Frontier ផ្លាកលេខ​ភ្នំពេញ​ 2AX-8904​ បើកបរដោយជនជាតិបរទេស​ម្នាក់ទិសដៅបញ្ច្រាសគ្នាមានល្បឿនលឿន។រថយន្តបាន​ចូលគន្លងផ្លូវម៉ូតូក៏បុកពេញទំហឹង​ បណ្ដាលឱ្យខាងម៉ូតូរងរបួសធ្ងន់និង​រថយន្ត-ម៉ូតូ ខូចខាតយ៉ាងដំណំ។

បន្ទាប់ពីកើតហេតុ​ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានី​ភ្នំពេញ បានចុះមកវាស់វែង ហើយយករថយន្តនិងម៉ូតូទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយ​តាមនីតិវិធី៕​ដោយ៖វិចិត្រ