អន្តរជាតិ

កាកបាទប្រហមអន្តរជាតិចាប់ផ្តើមបញ្ជូនគ្រូពេទ្យទៅតំបន់ឃើសនអ៊ុយក្រែន

គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ICRC បានប្រកាសដាក់ពង្រាយក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ទៅកាន់តំបន់ឃើសនអ៊ុយក្រែនភាគខាងត្បូងហើយ ដើម្បីប្រញាប់ទៅសង្រ្គោះ​អ្នកជំងឺរាប់ពាន់នាក់។

លោក Stephan Sakalian ប្រធានគណៈប្រតិភូកាកបាទក្រហមអន្តរជាតិប្រចាំអ៊ុយ  ក្រែន បានមានប្រសាសន៍ជូនដំណឹងថា មានការដង្ហោយហៅដ៏ច្រើនបន្ទាន់នៅក្នុងតំបន់ Kherson ភាគខាងត្បូងអ៊ុយក្រែន ដោយប្រជាជនជាច្រើននាក់កំពុងពុះពារនឹងស្ថានភាព​ដ៏លំបាក​មិនគួរឲ្យជឿ ក្រោយរុស្ស៊ីបានដកទ័ពចេញ។ ICRC នឹងបញ្ជូនមន្ទីរពេទ្យចំនួន២ធំៗទៅ​ទីនោះ នាំយកនូវគ្រឿងបរិក្ខារពេទ្យគ្រប់ប្រភេទគ្រប់គ្រាន់​សម្រាប់ព្យាបាលអ្នករបួស​អ៊ុយក្រែនចំនួន ៥០០នាក់ និងអ្នកជំងឺដែលត្រូវការការថែទាំសុខភាពបឋមចំនួន ២.០០០នាក់ក្នុងរយៈពេល៣ខែ។ ICRC  ក៏បាននាំយកកញ្ចប់ស្បៀង និងសម្ភារអនាម័យ​ចំនួន៦០០ ដល់មន្ទីរពេទ្យវិកលចរិត ជំនួយផ្គត់ផ្គង់ទឹកស្អាតក្នុងស្រុក ឧបត្ថម្ភរថយន្ត​ទឹក១គ្រឿង។

ប្រជាជននៃ Kherson ក៏ត្រូវការការជួយបន្ទាន់ផ្សេងទៀតដូចជា  ការស្តារការតភ្ជាប់ឡើងវិញ ស្វែងរកក្រុមគ្រួសារមនុស្សជាទីស្រឡាញ់ដែលបាត់វង្វេងគ្នា ជួសជុល​រោងចក្រ​អគ្គិសនី​ដែល​រង​ការ​ខូច​ខាត​ដោយគ្រាប់បែករុស្ស៊ី និងប្រព័ន្ធធារាសាស្រ្ត។ ទោះបីជានៅឃើសន សុវត្ថិភាពមិនទាន់ធានាបានក៏ដោយ ក្រុមសង្រ្គោះនៅតែបន្តឈរជាមួយប្រជាជន​អ៊ុយក្រែន​ជានិច្ច៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា