សន្ដិសុខសង្គម

កម្លាំងរដ្ឋបាលជលផលចាប់ជនសង្ស័យ ២នាក់ពីបទឆក់ត្រីខុសច្បាប់

ស្ទឹងត្រែង៖កម្លាំងខណ្ឌរដ្ឋបាលជលផល សហការជាមួយឆ្មាំទន្លេនិងយោធាវរការពារ ព្រំដែន បានចាប់ជនសង្ស័យ២នាក់ ម្នាក់ជាជនជាតិឡាវ ប្រើឧបករណ៍ឆក់ត្រីខុសច្បាប់។ការបង្ក្រាបនៅម្តុំអន្លង់អភិរក្សត្រីមេពូជ តាមដងទន្លេមេគង្គលើ ភូមិកោះបន្ទាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ កាលពីវេលាទៀបភ្លឺថ្ងៃទី១៧ ខែវិច្ឆិកា។

មន្ត្រីខណ្ឌរដ្ឋបាលជលផលបានឱ្យដឹងថា ជនសង្ស័យ២នាក់-ឈ្មោះ ប៊ូ លាន ជនជាតិឡាវ អាយុ២៩ឆ្នាំ នៅភូមិកោះស្តាំ ស្រុកមឿងខូង ខេត្តចម្ប៉ាសាក់។ឈ្មោះ ម៉ីណយ ជនជាតិខ្មែរ អាយុ២៥ឆ្នាំ នៅភូមិកោះល្ង ឃុំព្រះរំកិល ខេត្តស្ទឹងត្រែង។

មន្ត្រីដដែលបានបន្តថា កម្លាំងល្បាតបានចុះប្រតិបត្តិការពេលយប់ ក៏ប្រទះឃើញ ជនសង្ស័យ២នាក់ដឹកត្រីគ្រប់ប្រភេទដែលបានពីការឆក់ខុសច្បាប់ទម្ងន់ប្រមាណជាង៤០គីឡូក្រាមយកទៅលក់ក៏ឃាត់ខ្លួនសាកសួរ ទើបបែកធ្លាយរឿងប្រើប្រាស់ឧបករណ៍ឆក់។សមត្ថកិច្ចដកហូតវត្ថុតាងអាគុយនិងក្បាលឆក់មួយគ្រឿងមានកម្លាំង២២.០០០វ៉ាត់ ដែលទិញមកពីប្រទេសឡាវក្នុងតម្លៃ២សែនលុយគីបឡាវ។

ក្រោយពីចាប់ខ្លួន ផ្នែកជំនាញបាននាំជនសង្ស័យទៅខណ្ឌរដ្ឋបាលជលផលកសាង សំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ