កីឡា

Tuchel ត្រូវបង្ខំចិត្តចាកចេញពីចក្រភពអង់គ្លេស ក្រោយអស់តំណែង នៅ Chelsea

លោក Thomas Tuchel ដែលជាអតីតគ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea បានក្លាយជាបុគ្គលដ៏សំខាន់ដំបូងគេ ក្នុងកីឡាបាល់ទាត់ ដែលមានរឿងច្របូកច្របល់ជាមួយច្បាប់ទិដ្ឋការក្រោយ Brexit (ការចាកចេញរបស់ចក្រភពអង់គ្លេសពីអឺរ៉ុប) ក្នុងប្រទេសអង់គ្លេស ដោយឥឡូវនេះ គាត់ត្រូវបានបង្ខំឱ្យចាកចេញពីប្រទេសហើយ។

លោក Tuchel ត្រូវបានក្រុម Chelsea បញ្ចប់តំណែង កាលពីខែកញ្ញា បើទោះបីជាគាត់បានជួយនាំពានរង្វាន់របស់ក្របខ័ណ្ឌ Champions League មកកាន់ក្រុមតោខៀវ ក្នុងឆ្នាំ២០២១ ក៏ដោយ។

បន្ទាប់ពីការបញ្ចប់តួនាទីរបស់គាត់នោះ ម្ចាស់ថ្មីរបស់ក្លិប Chelsea លោក Todd Boehly បានអះអាងថា ការខ្វះទស្សនៈវិស័យរួមគ្នា សម្រាប់ក្លិប គឺជាហេតុផលនៅពីក្រោយនៃការចែកផ្លូវនេះ ហើយគាត់ត្រូវបានជំនួសដោយលោក Graham Potter ។

បញ្ហានោះ មានផលប៉ះពាល់យ៉ាងខ្លាំងដល់លោក Tuchel ដោយផ្ទាល់ នាពេលនេះ ហើយឥឡូវនេះ គាត់នឹងត្រូវចាកចេញពីប្រទេសអង់គ្លេស ក្នុងខែធ្នូ បើទោះបីជាគ្រួសាររបស់គាត់បានតាំងទីលំនៅ នៅតំបន់ Surrey ជាកន្លែង ដែលកូនស្រីវ័យជំទង់ទាំង២ របស់គាត់ទៅរៀនក៏ដោយ។

នៅពេលដែលលោក Tuchel មកដល់ប្រទេសអង់គ្លេស គាត់ទទួលបានសិទ្ធិរស់នៅ ក្រោមទិដ្ឋាការក្រោយ Brexit ប៉ុន្តែវាបានផុតកំណត់ នៅពេលដែលគាត់ក្លាយជាអ្នកអត់ការងារ ទោះបីជាគាត់តវ៉ាថា គាត់បានជួយលើកមុខមាត់កីឡាបាល់ទាត់អង់គ្លេស ដោយការឈ្នះពានរង្វាន់ Champions League និងជួយអភិវឌ្ឍកីឡាករបាល់ទាត់អន្តរជាតិ ក្នុងមូលដ្ឋានក៏ដោយ។

ឥឡូវនេះ លោក Tuchel ត្រូវបានដឹងថា នឹងផ្លាស់ទៅទីក្រុង Munich របស់អាល្លឺម៉ង់ តែយ៉ាងណាក្ដី គាត់នឹងបន្តទៅមកទីក្រុងឡុងដ៍ជាធម្មតា ខណៈដែលគាត់កំពុងរង់ចាំការស្នើដ៏សមរម្យមួយ ដើម្បីត្រឡប់មកប្រកបអាជីពជាគ្រូបង្វឹកវិញ៕