កីឡា

Nkunku ខកខានមិនបានជួយបារាំង នៅ World Cup ដោយសាររបួសជង្គង់

ខ្សែប្រយុទ្ធ Christopher Nkunku របស់ក្រុមជម្រើសជាតិបារាំង នឹងខកខានចូលរួម ក្នុងព្រឹត្តិការណ៍ World Cup បន្ទាប់ពីរងរបួស ក្នុងពេលហ្វឹកហាត់ កាលពីថ្ងៃអង្គារ។ នេះបើតាមការប្រកាសឱ្យដឹងពីសហព័ន្ធបាល់ទាត់បារាំង (FFF)។

ខ្សែប្រយុទ្ធរបស់ក្រុម RB Leipzig រូបនេះ បានចាកចេញពីការហ្វឹកហាត់យ៉ាងលឿន កាលពីថ្ងៃអង្គារ ដោយសាររងរបួសជង្គង់ខាងឆ្វេង។ ឃ្លីបវីដេអូមួយ ដែលត្រូវបានផ្សព្វផ្សាយ នៅលើបណ្ដាញសង្គម បានបង្ហាញពីការប៉ះទង្គិចគ្នា រវាងកីឡាករ Nkunku ជាមួយមិត្តរួមក្រុមកីឡាករ Eduardo Camavinga។

FFF បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការពិនិត្យកាំរស្មីអ៊ិច បានធ្វើឡើងនៅពេលល្ងាច ហើយសំណាងមិនល្អ វាបានបង្ហាញឱ្យឃើញថា វាភ្លាត់ឆ្អឹង»។

ជាមួយគ្នានេះ សហព័ន្ធបានបន្ថែមទៀតថា កីឡាករ ដែលត្រូវមកជំនួស នឹងត្រូវប្រកាស នៅពេលឯកសារខាងវេជ្ជសាស្រ្ត ដែលផ្ញើទៅ FIFA (សហព័ន្ធបាល់ទាត់អន្តរជាតិ) ត្រូវបានត្រួតពិនិត្យរួចរាល់។

ក្រុមមាន់គកបារាំង ក៏នឹងគ្មានខ្សែការពារ Presnel Kimpembe ដែលត្រូវអវត្តមានដែរ ដោយសារមានរបួសសរសៃពួរ៕