កីឡា

Messi ជ្រើសរើសប្រេស៊ីល បារាំង និងអង់គ្លេស ជាក្រុមមានសិទ្ធិខ្ពស់ នៅ World Cup

ខ្សែប្រយុទ្ធឆ្នើម Lionel Messi របស់ក្រុមជម្រើសជាតិអាហ្សង់ទីន ទទួលស្គាល់ថា ក្រុមប្រេស៊ីល បារាំង និងអង់គ្លេស ជាការគំរាមកំហែងដ៏ធំបំផុតដល់សុបិនរបស់គេ ក្នុងការបន្ថែមមេដាយពីការឈ្នះជើងឯក ក្នុងព្រឹត្តិការណ៍ World Cup ទៅក្នុងទូពានរង្វាន់ដ៏ធំរបស់ខ្លួន។

កីឡាករ ដែលជាសមាជិករបស់ក្លិប Paris St Germain វ័យ ៣៥ឆ្នាំរូបនេះ នឹងរែកពុនក្ដីសង្ឃឹមរបស់ក្រុមអាហ្សង់ទីនម្ដងទៀត ក្នុងប្រទេសកាតានេះ ខណៈដែលពួកគេប្រឹងប្រែង ដើម្បីអាចនាំពានរង្វាន់ World Cup ជាលើកទី ៣ និងជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៨៦ មកកាន់ប្រទេសរបស់ទ្វីបអាមេរិកខាងត្បូងមួយនេះ។

កីឡាករ Messi បាននិយាយថា៖ «នៅពេលណាដែលយើងនិយាយអំពីក្រុមប្រកួតប្រជែង យើងតែងតែនិយាយអំពីក្រុម ដែលមានកម្រិតដូចគ្នា។ ប្រសិនបើខ្ញុំត្រូវជ្រើសរើសថា ក្រុមណា ដែលមានប្រៀបជាងគេ ខ្ញុំគិតថា ប្រេស៊ីល បារាំង និងអង់គ្លេស គឺមានកម្រិតខ្ពស់ជាងគេបន្តិច។ ប៉ុន្តែការប្រកួតបាល់ទាត់ពិភពលោក គឺពិបាក និងស្មុគស្មាញខ្លាំងណាស់ ដែលអ្វីៗ ក៏អាចកើតឡើងបានដែរ»។

កីឡាករ Messi បានឡើងដល់វគ្គផ្តាច់ព្រ័ត្រជាមួយក្រុមពពកសអាហ្សង់ទីន កាលពីឆ្នាំ២០១៤ ប៉ុន្តែបានរងបរាជ័យ ក្នុងម៉ោងបន្ថែមពិសេស ដោយសារក្រុមឥន្ទ្រីដែកអាល្លឺម៉ង់។

ក្រុមអាហ្សង់ទីន ដែលជាម្ចាស់ជើងឯក Copa American របស់ទ្វីបអាមេរិកឡាទីន (ទ្វីបអាមេរិកខាងត្បូង) មិនទាន់ជួបបរាជ័យនៅឡើយទេ ក្នុងចំណោមការប្រកួត ៣៥ដង ហើយប្រសិនបើនេះជាការមានវត្តមានលើកចុងក្រោយរបស់កីឡាករ Messi នៅ World Cup នោះ ពួកគេកំពុងស្ថិតក្នុងទម្រង់ល្អ ក្នុងការអាចឈ្នះពានដ៏ធំរបស់ពិភពលោកនេះ។

កីឡាករ Messi បាននិយាយបន្ថែមថា៖ «យើងពិតជារំភើបណាស់។ យើងមានក្រុមដ៏ល្អមួយ ដែលពោរពេញដោយភាពស្រេកឃា្លនខ្លាំងណាស់ ប៉ុន្តែយើងគិតអំពីការធ្វើដំណើរទៅមុខ បន្តិចម្តងៗ។ យើងសង្ឃឹមថា នឹងចាប់ផ្តើម World Cup ក្នុងវិធីដ៏ល្អបំផុត ដើម្បីប្រឈមមុខនឹងអ្វីគ្រប់យ៉ាង ដែលកើតឡើង។ អ្នកកាន់តែលេង និងកាន់តែចំណាយពេល នៅលើទីលាននោះ អ្នកកាន់តែយល់ចិត្តគ្នា»។

ការប្រកួតបើកឆាក ក្នុងពូល C របស់ក្រុមអាហ្សង់ទីន ប៉ះជាមួយក្រុមអារ៉ាប៊ីសាអ៊ូឌីត មុននឹងជួបជាមួយក្រុមម៉ិកស៊ិក និងប៉ូឡូញតាមលំដាប់លំដោយ៕