សេដ្ឋកិច្ច

១០​ខែ ពន្ធដារ​រក​ចំណូល​ជិត​៣​ពាន់​លាន​ដុល្លារ​

​ភ្នំពេញ​៖​រយៈពេល​១០​ខែ ឆ្នាំ​២០២២ ចំណូល​ពន្ធ​-​អាករ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ប្រមូលបាន​ជាក់ស្តែង​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ មាន​ចំនួន ១១ ៩៣១.១១​ប៊ី​លាន​រៀល (​ប្រមាណ​ជា ២ ៩៤៥.៩៥ លាន​ដុល្លារ​) ស្មើនឹង ១០៤,៤៨%​នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​២០២២ ធៀប​នឹង​ចំណូល​ពន្ធ​-​អាករ​ក្នុង​រយៈពេល​ដូចគ្នា ឆ្នាំ​២០២១ ឃើញថា​កើន​ឡើង​​ចំនួន ២ ៥៣០.០៧ ប៊ី​លាន​រៀល (​ប្រមាណ​ជា ៦២៤,៣១ លាន​ដុល្លារ​) ស្មើនឹង ២៦.៩៤%​។​

​នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោក គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែតុលា និង​សម្រាប់​រយៈពេល​១០​ខែ ឆ្នាំ​២០២២ ព្រមទាំង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២​។​

​លោក​រដ្ឋមន្ត្រី​ប្រតិភូ​បញ្ជាក់ថា ក្នុង​ខែតុលា ឆ្នាំ​២០២២ ចំណូល​ពន្ធ​ពី​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Commerce) ប្រមូលបាន​ចំនួន ២២.២២ ប៊ី​លាន​រៀល (​ប្រមាណ ៥.៤៩​លាន​ដុល្លារ​) និង​សម្រាប់​ខែមេសា​-​តុលា ឆ្នាំ​២០២២ រយៈពេល ១០​ខែ ឆ្នាំ​២០២២ សរុប​ចំនួន ១២៩.៨០ ប៊ី​លាន​រៀល (​ប្រមាណ ៣២.០៥​លាន​ដុល្លារ​)​។​

​គួរ​បញ្ជាក់ថា តាមរយៈ​សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣ ដែល​ត្រូវបាន​កិច្ចប្រជុំ​ពេញ អង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានអនុម័ត​ទាំងស្រុង​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២២​កន្លងទៅនេះ បាន​តម្រូវឱ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូល​ឱ្យបាន​នូវ​ចំណូល​ពន្ធ​ផ្ទៃក្នុង​ចំនួន ១៤ ៤៦៥.៣៩​ប៊ី​លាន​រៀល (​ប្រមាណ​ជា ៣ ៥៧១.៧០​លាន​ដុល្លារ​) កើនឡើង​២៦.៧០% ធៀប​នឹង​ផែនការ​ច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២២ ដែល​កំណត់ឱ្យ​ពន្ធដារ​ប្រមូល​ចំណូល​ឲ្យ​បាន ១១ ៤១៩.១៣ ប៊ី​លាន​រៀល (​ប្រមាណ​ជា ២ ៨១៩.៥៥​លាន​ដុល្លារ​)​៕ដោយៈសិរីមតី