អន្តរជាតិ

អាជ្ញាធរទីក្រុងកៀវឲ្យប្រជាជនរកកន្លែងសុវត្ថិភាព ក្រោយរុស្ស៊ីសម្រុកវាយប្រហារថ្មី

រីឯអាជ្ញាធរទីក្រុងកៀវអ៊ុយក្រែនវិញ បានបន្តជូនដំណឹងដល់ប្រជាជនក្នុងក្រុងទាំងអស់មេត្តា​រកលេណដ្ឋាន ​បើមិនចាំបាច់កុំចេញ ខណៈរុស្ស៊ីបានសម្រុកបើកការវាយប្រហារថ្មីទៀតហើយ។

អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន Kyrylo Tymoshenko បានបង្ហោះវីដេអូនៃការបាញ់ផ្លោង​នៅទីក្រុង Kyiv តាមរយៈសារ Telegram កាលពីថ្ងៃអង្គារម្សិលមិញ​នេះ ដោយបានបង្ហាញពីទិដ្ឋភាព​ភ្លើងឆេះ​អគារ​លំនៅដ្ឋានគួរឲ្យខ្លាច។ លោកបានអំពាវនាវទៅកាន់ប្រជាជនថា “អាវុធរបស់សត្រូវ​បានវាយប្រហារអគារលំនៅដ្ឋានយើងទៀតហើយ សុវត្ថិភាពគ្មានទេឥឡូវនេះ ចូររកជម្រកគេចខ្លួន”។

យោងតាមប្រភពដដែលនេះ មីស៊ីលរុស្ស៊ីពីរគ្រាប់បានបាញ់មកលើទីក្រុងកៀវ និងជាច្រើនគ្រាប់ទៀតត្រូវបានឮនៅតាមទីក្រុងខាកៀវ ក៏ដូចជាទីក្រុងលីវីភាគខាងលិច និងមីស៊ីលមួយចំនួនត្រូវបានប្រព័ន្ធស្ទាក់ចាប់បាញ់កម្ទេចចោលដោយប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន។ នៅក្នុងការវាយប្រហារថ្មីនេះ ក្រុមអ្នកជួយសង្គ្រោះ និងគ្រូពេទ្យអ៊ុយក្រែន បានកំពុងធ្វើអន្តរាគមន៍នៅកន្លែងកើតហេតុ តែមិនបានរាយការណ៍ពីចំនួនអ្នកស្លាប់នោះទេ ដោយរងការខូចខាតខ្លាំងតែទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលប៉ុណ្ណោះ។

ឆ្លើយតបជាមួយគ្នា សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តជាច្រើន បានថ្កោលទោសរុស្ស៊ីបន្ថែមក្នុង​អំឡុងកិច្ចប្រជុំនៅប្រទេសឥណ្ឌូណេស៊ីសប្តាហ៍នេះ ដោយបានប្តេជ្ញាផ្តល់ជំនួយជួយដល់​អ៊ុយក្រែនបន្ថែមទៀត៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា