សន្ដិសុខសង្គម

សមត្ថកិច្ចតាមចាប់អ្នកបើករថយន្តបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់

កណ្តាល៖សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់តៃកុងរថយន្តបើកបរបញ្ច្រាសទិសគ្នាបានបុកម៉ូតូពេញ ទំហឹង បណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាម។ហេតុការណ៍នេះនៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែក​អ៊ុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៦ ខែវិច្ឆិកា។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិត​ឈ្មោះចាន់ សុខឡេង អាយុ២១ឆ្នាំ នៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។ចំណែកអ្នកបើកបររថយន្ដមិនស្គាល់អត្តសញ្ញាណ​ព្រោះបានរត់គេចខ្លួនបាត់។

មុនកើតហេតុ រថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ផ្លាកលេខ ភ្នំពេញ 3F-8505 បើកពីកោះធំទៅតាខ្មៅ។មកដល់ម្តុំភូមិឃុំខាងលើក៏បុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខ ភ្នំពេញ1BB-4480 ទិសដៅបញ្ច្រាសគ្នា។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យវាស់វែង និងយកមធ្យោបាយទាំង២ទៅរក្សាទុកនៅ​អធិការដ្ឋាន​នគរបាលស្រុកស្អាងដើម្បីរង់ចាំតំណាងភាគីចូលខ្លួនដោះស្រាយពេលក្រោយ។ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យ៕ដោយ៖វិចិត្រ