អន្តរជាតិ

រុស្ស៊ីចោទអ៊ុយក្រែនផ្លោងសម្លាប់មនុស្ស២នាក់ស្លាប់, ៣នាក់របួសក្នុងទីក្រុងBelgorod

រុស្ស៊ីរាយការណ៍ថា មនុស្ស២នាក់បានស្លាប់ ៣នាក់រងរបួសក្នុងការផ្លោងរបស់អ៊ុយក្រែនមកលើ​ទីក្រុងរុស្ស៊ីក្នុងខេត្ត Belgorod នៅព្រំដែន។

យោងតាមការចុះផ្សាយដោយសារព័ត៌មានអាល់ចាហ្សេរ៉ា អភិបាលនៃតំបន់ Belgorod ភាគខាងត្បូងនៃប្រទេសរុស្ស៊ី លោក Vyacheslav Gladkov បានអះអាងថា មនុស្សពីរនាក់បានស្លាប់ និងបីនាក់ទៀតរងរបួសពិតមែន ដោយសារការបាញ់ផ្លោងនៅក្នុងទីក្រុងShebekino តំបន់ Belgorod នៅជិតព្រំដែនជាមួយអ៊ុយក្រែន។ លោកអភិបាលមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពី​ឧប្បត្តិហេតុនៅក្នុងទីក្រុង Shebekinoទេ ខណៈBelgorod គឺជាតំបន់មួយក្នុងចំណោមតំបន់ភាគ​ខាងត្បូងរុស្ស៊ីជាច្រើន ដែលជាកន្លែងសម្បូរហាងលក់ប្រេងឥន្ធនៈ និងគ្រាប់រំសេវត្រូវបានបំផ្ទុះ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមដំបូង។

នៅក្នុងការចោទប្រកាន់នេះ ទីក្រុង Kyiv មិនបានអះអាងទទួលខុសត្រូវឡើយ បើទោះជារុស្ស៊ីបាន​ចោទហើយចោទទៀតថាជាស្នាដៃអ៊ុយក្រែន និងហៅអ៊ុយក្រែនជាភេរវករ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា