សេដ្ឋកិច្ច

មេ​ពន្ធដារ​ប្រាប់ពលរដ្ឋ​ប្រញាប់​បង់ពន្ធ​ផ្លូវ​ឱ្យបាន​មុន​ថ្ងៃទី​៣០ ខែវិច្ឆិកា

​ភ្នំពេញ​៖​លោក គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា បាន​ក្រើនរំលឹក​ដល់​សាធារណជន ដែលជា​ម្ចាស់​យានជំនិះ​គ្រប់​ប្រភេទ ដែល​មិនទាន់បាន​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ សម្រាប់​ឆ្នាំ​២០២២​សូម​ប្រញាប់​រួសរាន់​មក​ប្រកាស និង​បង់ពន្ធ​ឱ្យបាន​ទាន់ពេលវេលា ខណៈ​ថ្ងៃ​ផុតកំណត់​បាន​ខិតជិត​ចូល​មក​ដល់​ហើយ គឺ​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២​ខាងមុខនេះ​។​

​ការអំពាវនាវ​របស់​មេ​ពន្ធដារ​រូបនេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែតុលា និង​សម្រាប់​រយៈពេល​១០​ខែ ឆ្នាំ​២០២២ ព្រមទាំង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា «​ការបង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ សម្រាប់​ឆ្នាំ​២០២២​នេះ នឹងមិន​មានការ​ពន្យា​រ​ពេល​ឡើយ​»​។​

​ដើម្បី​ផ្តល់​ងាយស្រួល​ដល់​ការបង់ពន្ធ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ជំរុញ​ឱ្យ​អ្នក​ជាប់ពន្ធ​ប្រើប្រាស់​កម្មវិធី​លើ​ទូរស័ព្ទដៃ «GDT Taxpayer App» របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​ផ្តល់​លទ្ធភាព​ដល់​សាធារណជន​បង់ពន្ធ​មធ្យោបាយ តាម​ប្រព័ន្ធ​អន​ឡាញ​ឱ្យមាន ភាពងាយ​ស្រួល និង​ឆាប់រហ័ស​។​

​សូមជម្រាបថា អគ្គនាយកដ្ឋាន​ពន្ធដា​រ បានចាប់ផ្តើម​អនុវត្ត​ការប្រមូល​ពន្ធ លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ សម្រាប់​ឆ្នាំ​២០២២ ចាប់ពី​ថ្ងៃទី​០១ ខែមិថុនា រហូតដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២៕​ដោយៈសិរីមតី